(ភ្នំពេញ)៖ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួន បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោយលោកចៅសង្កាត់រូបនេះ បានតេទារលុយពីនារីជួញដូរគ្រឿងញៀនម្នាក់ចំនួន១លានរៀល។ ដោយឡែកនារីដែលជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ក៏ត្រូវបានចាប់បញ្ជូនទៅតុលាការផងដែរ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ បានដឹកនាំកម្លាំងប្រជាការពារ និងប្រធានភូមិ ចុះរដ្ឋបាល ហើយបានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ នី គឹមអាន ដកហូតថ្នាំញៀនចំនួន៥៦កូនកញ្ចប់តូច រួមនិងអ្នកប្រើប្រាស់មួយចំនួនទៀត។
ក្រោយឃាត់បាន ក៏ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចាត់ការតាមនីតិវិធី ដោយឡែកឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ភេទស្រី អាយុ១៧ឆ្នាំ បានពិនិត្យទឹកនោមគ្មានសារធាតុញៀន ក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មកប្រហែលមួយ សប្តាហ៍ក្រោយ លោកចៅសង្កាត់បានទទួលព័ត៌មានថា ឈ្មោះ ស៊ុយ ជីវ៉ា ដែលត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យ នី គឹមអាន ក៏ជាមុខសញ្ញាចែកចាយគ្រឿងញៀនដែរ ហើយក៏បានទាក់ទងតាមទូរស័ព្ទទៅឈ្មោះ ស៊ុយ ជីវ៉ា ដើម្បីទារប្រាក់១លានរៀល ថ្នូរនឹងការបញ្ចប់រឿង មិនស្រាវជ្រាវចាប់បន្តទៀត ហើយឈ្មោះ ស៊ុយ ជីវ៉ា ក៏បានថតសម្លេង រួចបាញ់ឲ្យអ្នកជិតខាង ហើយក៏ធ្លាយដល់អ្នកសារព័ត៌មាន យកទៅបង្ហោះតាម TikTok តែម្តង។
ក្រោយទទួលបានព័ត៌មាននេះ ក្រោមបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ, នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿងញៀន បានហៅភាគីពាក់ព័ន្ធ មានលោកចៅសង្កាត់ចោមចៅទី២ ឈ្មោះ វ៉ា សារ៉ង និងឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ភេទស្រី អាយុ១៧ឆ្នាំ (អ្នកថតសម្លេង) ចូលមកបំភ្លឺ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ លោកចៅសង្កាត់ វ៉ា សារ៉ង បានបំភ្លឺថា គាត់បានដឹកនាំកម្លាំងប្រជាការពារ ចាប់ឃាត់មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន២នាក់ មានស្រីម្នាក់ មានឈ្មោះ ស៊ុយ ជីវ៉ា អាយុ១៧ឆ្នាំ និងឈ្មោះ នី គឹមអាន ហៅ ផេវ ភេទប្រុស អាយុ៤២ឆ្នាំ ដោយចាប់យកវត្ថុតាងថ្នាំញៀនទឹកកក៥៦កញ្ចប់តូច កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ រួចបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ហើយធ្វើតេស្តទឹកនោមលើអ្នកទាំងពីរ ជាលទ្ធផល ឈ្មោះ ស៊ុយ ជីវ៉ា ហៅកុត មិនមានសារធាតុញៀន ក៏អប់រំឲ្យទៅលំនៅដ្ឋានវិញ។
លោកចៅសង្កាត់ពិតជាទទួលស្គាល់ថា លោកបានខលទៅគំរាមកំហែងទារលុយចំនួន១លានរៀន ជាថ្នូរនឹងមិនតាមចាប់ខ្លួនឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ដូចក្នុងសារសំលេងបង្ហោះក្នុង TickTok ប្រាកដមែន។
ដោយឡែកឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត បានបំភ្លឺថា ខ្លួនពិតជាត្រូវបានចាប់ និងដោះលែងវិញ ដោយសារមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្រាកដមែន។ លោកចៅសង្កាត់ចោមចៅ២ឈ្មោះ រ៉ង ពិតជាបានខលមកគម្រាមគំហែងទារប្រាក់ខ្លួនចំនួន១លានរៀលជាច្រើនលើកច្រើនសារ ហើយខ្លួនមានការភិតភ័យ ក៏លួចថតសម្លេងតារ៉ង រួចផ្ញើទៅអ្នកស្គាល់គ្នា ហើយគេក៏បង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក និងTickTok។
នាងបានសារភាពថា ធ្លាប់ធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀនបាន២ដងជាង១ឆ្នាំមុន តែបច្ចុប្បន្នបានឈប់ធ្វើសកម្មភាព និងមិនជាប់ពាក់ព័ន្ធនឹងឈ្មោះ ភេវ (នី គឹមអាន) នោះទេ។ ក្រោយបញ្ចប់ការសួរនាំ ទាំងលោកចៅសង្កាត់ និងនារីឈ្មោះ កុត ត្រូវបាននគរបាលសម្រេចឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ដើម្បីចាត់ការបន្តទៀត៕