(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងបីក្រុម មានក្រុម (SKY), ក្រុមយើងស្រឡាញ់គ្នា (YSK) និងក្រុមម៉ាកាវ (NC Small) មានគ្នាចំនួន១៨នាក់។
ក្រុមក្មេងទំនើងទាំងនេះ បានប្រើប្រាស់ដាវ និងកាំបិតប៉័ងតោ ធ្វើសកម្មភាពព្រួតគ្នាកាប់ទៅលើជនរងគ្រោះចំនួន២នាក់ បណ្ដាលជនរងគ្រោះម្នាក់រងរបួសចំក្បាល ចំហៀងខាងស្ដាំដាច់រយៈដេរចំនួន២០ថ្នេរ និងម្នាក់ទៀតរងរបួសដៃស្តាំដេរចំនួន៣ថ្នេរ និងដៃឆ្វេងដេរចំនួន៨ថ្នេរ រួចក្រុមក្មេងទំនើងខាងលើ ក៏បានបន្តកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះចំនួន២គ្រឿង បណ្តាលឲ្យបែកក្បាលម៉ូតូ និងកុងទ័រ នៅចំណុចផ្ទះលេខ២៨ ផ្លូវលេខ២៤២ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់អស់។
ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ស៊ីណាត ផេង អាយុ១៩ឆ្នាំ។ បក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។ ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅស្ថិតនៅចំណុចផ្ទះលេខ៦៨ ផ្លូវលេខ២៤២ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២១៨ មាត្រា៤១០ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ៕