(កំពង់ធំ)៖ ធុងចម្រោះទឹកស្អាតដែលបានផ្តល់ជូនដោយឥតគិតថ្លៃពីក្រុមហ៊ុន SIPCO តាមរយៈលោកស្រី ឃួន ឃុនឌីសមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជាខេត្តកំពង់ធំ ត្រូវបានបន្តផ្តល់ជូនប្រជាពលរដ្ឋ២៥០គ្រួសារ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាឃុំកំពង់គោ។
ក្នុងឱកាសចុះជួបសំណេះសំណាលលោកស្រីបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្ដេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជាដែលលោកតែងគិតគូរសុខទុក្ខនិងដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។
លោកស្រីបានបន្តថា ចំពោះការផ្តល់ជូនធុងចម្រោះទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរសធិបតី ហ៊ុន ម៉ាណែតចានាយករដ្ឋមន្ត្រី។
លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមយកធុងចម្រោះទឹកនេះទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុន ហើយត្រូវបន្តថែរក្សាសុខភាព អនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត៕