(សៀមរាប)៖ កាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយវិជ្ជាសសង្រ្គោះបឋម ក្រោមប្រធានបទ «រៀនវិជ្ជាសង្រ្គោះបឋម ដើម្បីមនុស្សជាទីស្រឡាញ់របស់អ្នក» រយៈពេល០៣ថ្ងៃ ដោចាប់ពីនៅថ្ងៃទី២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅថ្ងៃទី១ ខែធ្នូ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ពិធីនេះក្រោមវត្តមានរបស់លោកស្រី ពុំ ​ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា, លោក សុខ សារឿន ប្រធានផ្នែកវេជ្ជសាស្រ្ត និងប្រឆាំងសារធាតុញៀន អិន អូ ស៊ី កម្ពុជា និងលោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងលោក លោកស្រី និងយុវជនស្ម័គ្រចិត្តជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងពិធីបើក លោកស្រី ពុំ ​ចន្ទីនី បានលើកឡើងថា គំនិតផ្តួចផ្តើមវគ្គបណ្តុះបណ្តាលនេះ ដើម្បីឆ្លើយតបសង្រ្គោះបឋមក្នុងអំឡុងពេលព្រឹត្តិការអន្តរជាតិ អង្គរវត្តពាក់កណ្តាលម៉ារ៉ាតុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នៅខេត្តសៀមរាប។

លោកស្រី ក្នុងគោលបំណងលើកកម្ពស់សុខភាពសាធារណៈ និងសុវត្ថិភាពការលើកកម្ពស់ជំនាញវិជ្ជាសង្រ្គោះបឋមដោយផ្តោតលើ CPR និង AED ដល់អ្នកចូលរួមម៉ារ៉ាតុង និងការផ្សព្វផ្សាយវិជ្ជាសង្រ្គោះបឋមឲ្យបានទូលំទូលាយ ជាពិសេសបង្កើនការយល់ដឹងអំពីការសង្គ្រោះបឋម ការប្រើប្រាស់ CPR និង AED ដើម្បីបង្កើនការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ក្នុងចំណោមអ្នកចូលរួមរត់ម៉ារ៉ាតុង និងអ្នកទស្សនា។

លោកស្រីបន្តថា ការបណ្តុះបណ្តាល​ធនធាននេះ គឺជាការចូលរួមពង្រីកនូវចំណេះដឹងឱ្យបានទូលំ ទូលាយ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឈានទៅសម្រេចបានស្របតាមយុទ្ធសាស្ត្រ កាកបាទ ក្រហមកម្ពុជា ឆ្នាំ២០២១ - ២០៣០ គ្រួសារមួយមានមនុស្សម្នាក់ ស្ថាប័នសាធារណៈ ឬវិស័យឯកជន យល់ដឹងពីវិជ្ជាសង្រ្គោះបឋម ឆ្ពោះទៅគោលដៅ អភិវឌ្ឍន៍ តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទបរិយាប័ន្នសង្គម រួមគ្នាជាធ្លុងមួយ ដែលជាសកម្មភាពគំរូ ក្នុងការបំរើការងារមនុស្សធម៌ ប្រកបដោយ​សណ្តាន​ចិត្ត​ល្អប្រពៃ មានក្រម​សិលធម៌ខ្ពស់ជូនដល់សង្គមជាតិ ឱ្យមានការរីកចំរើន​ ក្រោមម្លប់នៃសន្តិភាព​។

លោក សុខ សារឿន បានលើកឡើងថា ចំណុចសំខាន់ៗដែលលើកឡើងយកមកបង្រៀនដល់សិក្ខាកាម គឺមានចំណុចសំខាន់ទាក់ទងជាមួយនឹងសុខភាពប្រជាជនទូទៅ ក៏ដូចជាសុខភាពខាងកីឡាករ ចំណុចសំខាន់លើកយកមក គឺបញ្ហាសង្គ្រោះបឋម (ពាក្យសង្គ្រោះបឋម គឺមិនដូចគ្នានឹងពាក្យសង្គ្រោះបន្ទាន់ទេ)ពេលដែលអ្នកជំងឺគាត់មានបញ្ហា ទោះនៅផ្ទះ ឬក៏នៅកន្លែងណាក៏ដោយ ដូច្នេះ វាមានរយៈពេលមួយទម្រាំគ្រូពេទ្យទៅដល់ អញ្ចឹងចាប់ពីរយៈពេលដែលអ្នករងគ្រោះមានបញ្ហារហូតទៅដល់គ្រូពេទ្យមកដល់ហ្នឹង គឺជារយៈពេលសំខាន់ណាស់ចំពោះជីវិតរបស់មនុស្ស។

លោកបន្តថា បង្រៀនសិក្ខាកាមនៅថ្ងៃនេះ របៀបព្យាបាលក្នុងពេលសង្រ្គោះបឋម ក្នុងនោះបង្រៀនឲ្យគាត់ចេះពិនិត្យ ព្យាបាល វិធីសង្កត់បេះដូង ធ្វើឲ្យបេះដូងមានចលនាឡើងវិញ និងរបៀបបញ្ចូលខ្យល់ទៅតាមមាត់ដល់អ្នកជំអឺ។ ពីព្រោះនៅពេលដែលអ្នកជំងឺមានបញ្ហា គឺបញ្ហាបេះដូង និងសួតអត់ដំណើរការ។

លោកបន្ថែមថា បើបេះដូង និងសួតអត់ដំណើរការ មានន័យថា ចំណីអាហារ និងអុកស៊ីសែន ដែលរត់ទៅតាមឈាមដលខួរក្បាលក៏អត់មានដែរ ហើយខួរក្បាលរបស់មនុស្សឲ្យតែលើសពី៤នាទី អត់មានអុកស៊ីសែនទៅ ខួរក្បាលមនុស្សយើងចាប់ផ្តើមខូច និងមានបញ្ហា ប្រសិនបើយើងអាចជួយឲ្យបេះដូងមានចលនាឡើងវិញនៅក្នុងរយៈពេលនឹង ព្រមទាំងបញ្ចូលខ្យល់ទៅដល់ខួរក្បាល គឺយើងអាចបន្ថយការស្លាប់របស់អ្នកជំងឺ និងទុកឱកាសឲ្យក្រុមគ្រូពេទ្យឯកទេសបញ្ជូនអ្នកជំងឺទៅសង្រ្គោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។

លោកស្រី សុខ ណារ៉ូ សម្តែងនូវក្តីសោមនស្សរីករាយ និង​ទទួល​ស្វាគមន៍​​យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកស្រីអគ្គលេខាធិការ​កាក​បាទ​​ក្រហម​​កម្ពុជា និងលោក លោកស្រី ជាអ្នកឧបត្ថម្ភគាំទ្រ ជាគ្រូជំនាញសម្រប​សម្រួល​បណ្តុះបណ្តាលថ្នាក់ជាតិ និងអន្តរជាតិ ក្នុងវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយវិជ្ជា​សង្គ្រោះ​បឋម ក្រោមប្រធានបទ «រៀនវិជ្ជាសង្គ្រោះបឋម ដើម្បីមនុស្សជាទីស្រឡាញ់» ​ដើម្បីចូលរួមទិវា​រត់ម៉ា​រ៉ាតុ​ង នៅលើទឹកដីខេត្តសៀមរាប។

លោកស្រីបន្តថា វគ្គបណ្តុះបណ្តាលពីវិជ្ជាសង្គ្រោះលើកនេះ ពិតជា​ការបណ្តុះបណ្តាលជំនាញដ៏សំខាន់ ក្នុងការជួយសង្គ្រោះជនរងគ្រោះ ដោយមានការប្រើ​ម៉ាស៊ីន​ជំនួយ​​ចលនាបេះដូង(អេ អ៊ី ឌី) ដែលនៅខេត្តសៀមរាបពុំទាន់មាននៅឡើយ។ នៅកម្ពុជា​​បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ និងស្លាប់ដោយបញ្ហាបេះដូងជួយសង្គ្រោះ​មិនទាន់​ពេលវេលា ក៏នៅតែជាបញ្ហាប្រឈមនៅឡើយ។

លោកស្រីសង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយនេះ ជាបន្តបន្ទាប់ប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជាទូទាំងកម្ពុជាកាន់តែយល់ដឹងពីសារសំខាន់នៃវិជ្ជានេះ និងចេះជួយសង្គ្រោះគ្នាទៅវិញទៅមក នៅពេលជួបឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗជាក់ជាមិនខាន៕