(សៀមរាប)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលជំនួបទ្វេភាគីជាមួយលោក Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union_IPU) ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាននូវគោលដៅនៃអនុសញ្ញាអូតាវ៉ា។

ក្នុងឱកាសនោះ លោក Martin Chungong បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់កម្ពុជា ឱ្យគណៈប្រតិភូនៃសហភាពអន្តរសភា បានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយចំនួន ព្រមទាំងបានកោតសរសើរចំពោះប្តេជ្ញាចិត្តរបស់រដ្ឋភាគី ដើម្បីសម្រេចបាននូវគោលដៅរបស់អនុសញ្ញា ក៏ដូចជាបានបញ្ជាក់អំពីតម្រូវការចាំបាច់ ដើម្បីកាត់បន្ថយជនរងគ្រោះ និងទុក្ខវេទនាបង្កដោយមីនប្រឆាំងមនុស្ស។

លោក Martin Chungong បានអះអាងថា ការប្តេជ្ញាចិត្តរបស់សហភាពអន្តរសភា សម្រាប់ការគាំទ្រដល់ការអនុវត្តរបស់អនុសញ្ញា រាប់បញ្ចូលទាំងការធ្វើសកលភាវូបនីយកម្ម និងការជំរុញឱ្យគោរពតាមបទដ្ឋាននៃអនុសញ្ញា។

លោក Martin Chungong បានបញ្ជាក់អំពីការយកចិត្តទុកដាក់ក្នុងការដាក់បញ្ចូលសកម្មភាពមីននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ IPU និងសន្យាបន្តធ្វើការទំនាក់ទំនងជាមួយរដ្ឋមន្រ្តីយុត្តិធម៌នៃប្រទេសតុងហ្កា ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ប្រទេសតុងហ្កាចូលរួមជាមួយគ្រួសារនៃអនុសញ្ញា។

លោកបណ្ឌិត លី ធុជ ក៏បានថ្លែងអំណរគុណចំពោះលោក Martin Chungong ដែលបានដឹកនាំគណៈប្រតិភូសហភាពអន្តរសភា ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានថ្លែងនូវសេចក្តីថ្លែងការណ៍គាំទ្រដល់សកម្មភាពអនុសញ្ញាក្នុងកិច្ចប្រជុំឧត្តមមន្រ្តីជាន់ខ្ពស់។

លោកបណ្ឌិត លី ធុជ បានបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់សម្រាប់ការគាំទ្ររបស់ IPU និងភាពជាអ្នកដឹកនាំក្នុងការរួមចំណែកសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានស្នើសុំឱ្យបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន។

ក្នុងជំនួបទ្វេភាគីនេះ ក៏បានសង្កត់ធ្ងន់ផងដែរនូវសារៈសំខាន់នៃភាពជាដៃគូ និងភាពជាអ្នកដឹកនាំសភា ក្នុងការពង្រឹងសកលភាវូបនីយកម្ម និងការអនុវត្តនៃអនុសញ្ញាអូតាវ៉ាផងដែរ៕