(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានអចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ និងក្រុមគ្រួសារ បានរៀបចំអាហារសាមគ្គីដែលមានថ្នាក់ដឹកនាំសហគមន៍ឥស្លាមចូលរួម និងបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំរាប់រយនាក់ផងដែរ។ ពិធីនេះធ្វើឡើងនៅគេហដ្ឋានរបស់លោក ចៅ តុល ស្ថិតនៅភូមិចាមលើ ស្រុកកោះធំ នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ស្ថិតក្នុងឱកាសជួបជុំសាសនិកឥស្លាមរាប់រយនាក់, អ្នកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានឡើងថ្លែងពីគុណូបក្ការៈដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានខិតខំដឹកនាំ កសាងប្រទេសពីបាតដៃទទេឲ្យរីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសបានបើកឱកាសទូលាយ និងសិទ្ធិសេរីភាពពេញលេញ ដល់សហគមន៍ ឥស្លាមទូទាំងប្រទេស បានប្រណិបត្តិនូវកិច្ចការសាសនាបានយ៉ាងសេរីភាព គ្មានអ្វីលំបាកឡើយ។
ចាងហ្វាងដដែលថ្លែងបន្តថា ពិតណាស់សហគមន៍ឥស្លាមយើងរីកចម្រើនបានមកដល់សព្វថ្ងៃនេះ ក៏មានវត្តមានចូលរួមដោយមិនអាចខ្វះបានឡើយពីសំណាក់លោក ចៅ តុល និងក្រុមគ្រួសារទាំងមូល ដ្បិតថា គ្រួសាររបស់លោក ចៅ តុល មិនត្រឹមតែមានកតព្វកិច្ចការពារថ្នាក់ដឹកនាំប្រទេសជាតិដោយផ្ទាល់ប៉ុណ្ណោះទេ លោក និងគ្រួសារ បានកសាងសមិទ្ធផលច្រើនណាស់ និងបានជួយពលរដ្ឋយ៉ាងច្រើនកុះករដែលមិនអាចរៀបរាប់ អស់ពីគុណសម្បត្តិរបស់លោក ចៅ តុល និងគ្រួសារអស់ឡើយ។
សមិទ្ធផលទាំងនោះ ទទួលបានការគាំទ្រ ពេញចិត្តយ៉ាងខ្លាំងក្នុងរង្វង់សហគមន៍ឥស្លាមទូទាំងប្រទេស បានន័យថាលោក ចៅ តុល និងក្រុមគ្រួសារទាំងមូល ពិតជាថ្នាក់ដឹកនាំល្អបំផុត និងមានស្នាដៃច្រើនស្កេកស្កះរាប់មិនអស់ ចារ្យទុកជាប្រវត្តិសាស្ត្រ និងជាគម្រូល្អបំផុតសម្រាប់សហគមន៍ឥស្លាមទូទាំង និងជាគម្រូដល់កូនចៅជំនាន់ក្រោយតម្រាប់តាម។
សូមជម្រាបថា ពិធីនេះសាស្រ្តាចារ្យឥស្លាម បានសូត្រធម៌យ៉ាងពិរោះ ហើយការពិសារអាហារសាមគ្គីនេះដែរ ជាទង្វើកសាងផលបុណ្យដ៍ធំធេងផងដែរសម្រាប់លោក ចៅ តុល និងគ្រួសារទាំងមូល ហើយពិធីនេះក៏ក្រើនរម្លឹកគុណ និងឧទ្ទិសកុសល្យផលបុណ្យដល់បុព្វការីជនរបស់គ្រួសារលោក ចៅ តុល និងលោកស្រីទាំងមូលផងដែរ៕