(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាស់តឿនក្រុមយុវជនបន្តវេនត្រូវរក្សា «សន្តិភាព» និងមិនត្រូវឱ្យ «សន្តិភាព» ដែលរកបានដោយលំបាកក្រោមនយោបាយឈ្នះ-ឈ្នះ អាចរបូតចេញពីកម្ពុជាឡើយ។ Fresh Exclusive មានសេចក្តីរាយការណ៍អង្កេតមួយ ផ្តោតលើប្រសាសន៍ដាស់តឿនត្រូវថែរក្សាសន្តិភាពឱ្យបានគង់វង្សនៅក្នុងប្រទេសកម្ពុជា៖
ប្រសាសន៍របស់សម្តេចតេជោ៖ «បើទោះបីខ្ញុំស្លាប់ ទៅដល់ទីកន្លែងណាក៏ដោយ ប៉ុន្តែបើសិនជាអ្នកជំនាន់ថ្មី បណ្តែតបណ្តោយឱ្យខូចខាតសនិ្តភាព ខ្ញុំនឹងមិនអត់ឱនទេ ខ្ញុំនឹងរករឿង»។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវតែថែរក្សាសន្តិភាពនេះ បានធ្វើឡើងទន្ទឹមនឹងសន្តិភាព២៦ឆ្នាំ ដែលរកបានដោយលំបាកមកនេះ ត្រូវបានក្រុមជ្រុលនិយមព្យាយាមតាមឆាឆៅ រុកគួនក្នុងបំណងចង់បណ្តេញ«សន្តិភាព»នោះ ឱ្យឃ្លាតចេញពីកម្ពុជាម្តងទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសឯក នៃនយោបាយឈ្នះ-ឈ្នះ បំបាត់សង្គ្រាមស៊ីវិល និងធ្វើឱ្យប្រទេសជាតិកម្ពុជាបានឯកភាពទឹកដីមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ បានមានប្រសាសន៍ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព IPTP ក្នុងរាជធានីភ្នំពេញ ដោយបញ្ជាក់ម្តងហើយម្តងទៀតថា ការរកសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ បំបាត់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំកន្លងមកនោះ ពិតជាលំបាកណាស់ ដែលគេមិនអាចឱ្យសន្តិភាព របូតចេញពីកម្ពុជាបានឡើយ...
«ទោះបីកើតទៅ ស្លាប់ទៅជាខ្មោច ក៏ខ្ញុំមករករឿងវិញដែរ ព្រោះការរកសន្តិភាពនេះវាពិបាកណាស់ ការធ្វើឱ្យឆេះសង្គ្រាមផុតរលត់… ឆេះសង្គ្រាមវាជាការងាយ ប៉ុន្តែការស្វែងរកសន្តិភាពវាជាការលំបាក»។
*តម្លៃសន្តិភាពសម្រាប់សង្គម
សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព និងស្ថិរភាព។ សន្តិភាព បានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ភាពសុខដុមរមនាក្នុងសង្គម និងសុខុមាលភាពបុគ្គល។ ប៉ុន្តែបរទេសខ្លះ រួមនិងក្រុមជ្រុលនិយមមួយក្តាប់តូចដែលរស់នៅក្រៅប្រទេស បែរធ្វើជាមិនយល់នូវអត្ថន័យនៃពាក្យសន្តិភាពនេះទេ ពីព្រោះមហិច្ឆតារបស់ពួកគេ គឺការរកវិធីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលជាគ្រឹះ និងជាស្នូលសំខាន់បំផុតនៃការទ្រទ្រង់សន្តិភាព។
សម្តេច តេជោហ៊ុន សែន បានថ្លែងបង្ហាញថា ដើម្បីតែការរក្សាសន្តិភាព សម្តេចចាំបាច់ត្រូវតែហ៊ានវះកាត់នូវរាល់អ្វីៗទាំងអស់ និងថែមទាំងប្រើកណ្តាប់ដៃដែកថែមទៀត បើទោះបីជាត្រូវប្រឈមនឹងការរិះគន់ពីបរទេសយ៉ាងណាក៏ដោយ ពីព្រោះសន្តិភាពដែលកម្ពុជារកមកដោយលំបាកកន្លងមកនេះ មិនមែនជាការបានមកដោយការសុំទាន ឬជាការប្រោសប្រទានពីអ្នកណាមួយឡើយ ប៉ុន្តែគឺកម្ពុជាបានប្រឹងប្រែងដោយខ្លួនឯង ជាពិសេសតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យសង្គ្រាមបានបញ្ចប់អស់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដដែល បានថ្លែងរំលឹកនូវហេតុការណ៍មួយ ដែលសម្តេចបានមើលឃើញថា វាអាចជាទង្វើបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា បើសិនជារាជរដ្ឋាភិបាលក្នុងពេលនោះ អនុញ្ញាតឱ្យអង្គជំនុំជំរះ វិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាតុលាការកូនកាត់ រវាងកម្ពុជានិងអង្គការសហប្រជាជាតិ ធ្វើសវនាការតាមបំណងចិត្តចង់របស់អ្នកច្បាប់នៃក្រុមប្រទេសលោកខាងលិចនោះ៖
«ខាងអង្គការ ខាងដៃគូរបស់យើងគេមានសំណុំរឿងរហូតដល់ហៅព្រះមហាក្សត្រ យើងខ្ញុំចូលតុលាការ…ហៅប្រធានរដ្ឋសភា…ហៅប្រធានព្រឹទ្ធសភា និងអ្នកដឹកនាំដទៃទៀត ចូលទៅក្នុងតុលាការ និងបើកទូលាយការកាត់ទោសរីករាលដាល បានខ្ញុំនិយាយទៅកាន់ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ថាខ្ញុំសុខចិត្តឲ្យតុលាការបរាជ័យ តែខ្ញុំមិនសុខចិត្តឲ្យប្រទេសកម្ពុជាមានសង្គ្រាមឡើងវិញទេ។
ពួកគេលម្អៀងម្ខាងៗ ម្តងទៅគាំទ្រខ្មែរក្រហម…ម្តងទៅគាំទ្រឲ្យមានសង្គ្រាម…បន្ទាប់ទៅទាមទារកាត់ទោស គ្មានគិតអំពីចំណងទាក់ទងរវាងសង្គ្រាម និងសន្តិភាព…រវាងយុត្តិធម៌ និងសន្តិភាព រវាងយុត្តិធម៌ជាមួយសង្គ្រាមនោះទេ។
សូមអភ័យទោស មានមនុស្សខ្លះគេបានគិតត្រឹមតែអ្វីដែលជាការគិតរបស់គេ តែគេមិនបានគិតពិតប្រាកដពីផលប្រយោជន៍របស់យើងទេ ដូច្នេះហើយបានជាខ្ញុំតែងតែទូន្មានចំពោះសហការីរបស់ខ្ញុំ និងអំពាវនាវចំពោះប្រជាជនកម្ពុជា ថាអ្វីក៏ដោយយើងត្រូវគិតថាមានតែយើងទេ ដែលជាម្ចាស់ប្រទេស គ្មានអ្នកណាស្គាល់យើង ជាងយើងនោះទេ។ ដូច្នេះហើយបានជាយើង ត្រូវតែហ៊ានតស៊ូទៅលើបញ្ហាទាំងឡាយដែលជាផលប្រយោជន៍របស់យើង»។
កម្ពុជាទម្រាំតែបានសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ ដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មានមនុស្សបាត់បង់ជីវិតច្រើនម៉ឺនសែននាក់ក្នុងសង្គ្រាមជិត៣០ឆ្នាំ។ តម្លៃសន្តិភាពកន្លងមកនេះ បានជួយកម្ពុជាជាខ្លាំងលើការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
យោងតាមធនាគារពិភពលោក បន្ទាប់ពីការធ្លាក់ចុះខ្លាំងដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ នឹងទទួលបានមកវិញក្នុងរង្វង់៥.៨% លើសឆ្នាំ២០២៣ ខណៈរាជរដ្ឋាភិបាលបានព្យាករណ៍ថាមានរហូតដល់៦.៦%។ តាមរយៈការថែរក្សាសន្តិភាពនិងស្ថិរភាពនេះទៀត សេដ្ឋកិច្ចកម្ពុជានឹងរំពឹងវិលត្រឡប់មកវិញក្នុងរង្វង់៧% នៅក្នុងឆ្នាំ២០២៨ខាងមុខ។
ការរក្សាស្ថិរភាព និងសន្តិភាពរបស់កម្ពុជា ទទួលការកោតគោរព និងភាពរាក់ទាក់ក៏ដូចជាមានកំណើនទេសចរណ៍ ពីអន្តរជាតិថែមទៀតដូចជានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីធំៗមួយចំនួន ដូចជាមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ ហៅកាត់ថា ICAPP និងកិច្ចប្រជុំពាក់ព័ន្ធ ដែលចូលរួមដោយគណបក្សនយោបាយ៥៧ មកពី៤២ប្រទេសនៅលើសកលលោក, សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និង សន្តិភាពលើកទី១១ ហៅកាត់ថា IPTP, កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន ដោយមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសារុបប្រមាណ៧០០នាក់ មកពីប្រទេស និងអង្គការជាដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០ប្រទេស, កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នក ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) និងកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល។
ប្រតិភូបរទេសដែលបានមកចូលរួមក្នុងកម្មវិធីមហាសន្និបាត និងកិច្ចប្រជុំផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជានេះ បានថ្លែងវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលធ្វើឱ្យកម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយសមត្ថភាពការទូតកាន់តែលេចធ្លោ ការអភិវឌ្ឍធនធានមនុស្សកាន់តែសំបូរបែប និងប្រជាប្រីយ៍ភាពរបស់ជាតិកាន់តែត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ។
ដោយឡែកក្នុងរយៈពេល៩ខែឆ្នាំ២០២៤ កន្លងមកនេះ តួលេខភ្ញៀវទេសចរណ៍អន្តរជាតិ ដែលកម្ពុជាទទួលបានមកវិញមានចំនួនជិត៥លាននាក់ ដែលកើនឡើងជាង២២% ខណៈទេសចរណ៍កម្ពុជាធ្វើដំណើរចេញទៅក្រៅប្រទេសមានជិតដល់១លាន៤សែននាក់ផងដែរ។ បើប្រទេសគ្មានសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំនោះទេ ម្ល៉េះកម្ពុជាក៏គ្មានទេសចរណ៍ជាតិនិងអន្តរជាតិ បានធ្វើដំណើរកំសាន្តចេញចូលនៅក្នុងប្រទេសកម្ពុជា និងដំណើរទៅមុខ នៃសេដ្ឋកិច្ចជាតិ ក៏មិនមានសន្ទុះលឿនទៅមុខគួរឱ្យកត់សម្គាល់ដូចនេះឡើយ។
*សម្តេចតេជោ បញ្ជាក់ការប្រើកណ្តាប់ដៃដែករារាំងចលនាបដិវត្តន៍ពណ៌ដើម្បីការរក្សាសន្តិភាព
សន្តិភាពរបស់កម្ពុជាក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ ក៏មានពេលខ្លះបានរងនឹងអំពើឈ្នានីស រំខានពីមជ្ឈដ្ឋានមួយចំនួនជាពិសេសក្រុមជ្រុលនិយមរស់នៅក្រៅប្រទេស ដែលព្យាយាមចង់បំផ្លាញភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព IPTP ក្នុងរាជធានីភ្នំពេញដដែល នៅបានបញ្ជាក់ការប្រើកណ្តាប់ដៃដែកកម្ទេចផែនការចលនាបដិវត្តន៍ពណ៌ថែមទៀត ដើម្បីតែប្រយោជន៍របស់ជាតិក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស
«សម្រាប់កម្ពុជា សន្តិភាពវាពិតណាស់ ជារឿងដែលត្រូវការពារ កុំនិយាយពីអ្វីផ្សេងមុននឹងនិយាយពីអ្វីផ្សេង ត្រូវនិយាយពីសន្តិភាពមុន បើគ្មានសន្តិភាព មិនអាចធ្វើអ្វីបានទេ? យើងខ្ញុំទទួលការឈឺចាប់ វាលើសពីការគ្រប់គ្រាន់ហើយ យើងខ្ញុំអត់ត្រូវការនូវសង្គ្រាមណាមួយដែលកើត ឬបង្កើតនៅកម្ពុជានោះទេ។ ដូច្នេះហើយបានជាសុំការយោគយល់ពីប្រិយ៍មិត្តបរទេសនៅពេលដែល ហ៊ុន សែន ប្រើកណ្តាប់ដៃដែក កន្លងទៅដើម្បីត្រួតត្រាសភាពការណ៍ គឺកុំឱ្យបដិវត្តពណ៌កើតឡើង គឺគ្រាន់តែដើម្បីធានានូវភាពសុខសាន្តរបស់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ»។
នៅតាមប្រទេសមួយចំនួនលើពិភពលោកនេះ ចលនាបដិវត្តន៍ពណ៌ពិតជាបានផ្ទុះឡើង និងធ្វើឱ្យមានស្ថានការណ៍ប្រែប្រួលនយោបាយក្នុងប្រទេសមួយចំនួនទាំងនោះមែន ប៉ុន្តែស្ថានភាពរបស់ប្រទេសនោះ មានការខុសគ្នាឆ្ងាយណាស់ពីកម្ពុជា ម្យ៉ាងទៀតដោយសារតែកម្ពុជាមានទស្សនវិជ្ជានយោបាយឈ្នះ- ឈ្នះ ដែលជាទស្សនវិជ្ជាបំបាត់សង្គ្រាមស៊ីវិល ដ៏មានប្រសិទ្ធភាពបំផុត និងបច្ចុប្បន្នទស្សនវិជ្ជានេះ ត្រូវគេឃើញបាននិងកំពុងប្រើប្រាស់ ដើម្បីទប់ទល់រារាំងទស្សនវិជ្ជាបដិវត្តន៍ពណ៌ ដែលចង់ផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាល បច្ចុប្បន្នក្រោមរូបភាពក្លែងក្លាយនៃលេសចោទប្រកាន់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ចលនាបដិវត្តន៍ពណ៌នេះ ធ្លាប់ត្រូវបានគេញុះញង់ឱ្យកើតឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងទសវត្ស២០១០ ប៉ុន្តែមិនអាចសម្រេចបានឡើយ ដោយដោយសារតែឆ្លងមិនរួចពីទស្សនវិជ្ជានយោបាយឈ្នះ-ឈ្នះ ដែលហាក់ដូចជាបានដឹងនូវល្បិចកលពិសពុលទាំងឡាយនោះ។ មេខ្លោងចលនាបដិវត្តពណ៌ឈ្មោះ កឹម សុខា ត្រូវបានចាប់ខ្លួនវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងគេហស្ថាននៅខណ្ឌទួលគោក រាជធានីភ្នំពេញ តាមរយៈភស្ថុតាងវីដេអូមួយដែល កឹម សុខា បាននិយាយសារភាពដោយខ្លួនឯងនូវការរៀបចំចលនាបដិវត្តន៍ពណ៌ ដោយយកគំរូពីប្រទេសយូហ្គោស្លាវី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ក្នុងមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ ICAPP និងនៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន បានថ្លែងប្រាប់បណ្តាភ្ញៀវជាតិនិងអន្តរជាតិ នូវការប្តេជ្ញាចិត្តការពារនិងថែរក្សាសន្តិភាព ដោយសម្តេចលើកឡើងថា៖ «កម្ពុជាយល់ច្បាស់នូវតម្លៃ សន្តិភាព ដែលជាមូលដ្ឋាន គ្រឹះដ៏មានសារៈសំខាន់ក្នុងការធានាបានការស្តារឡើងវិញ និងការអភិវឌ្ឍជាតិ និងសន្តិភាព ផ្តល់ឱកាសក្នុងការវិនិយោគលើប្រជាជន និងស្ថាប័ន និងអនាគតរបស់កម្ពុជា»។
សម្តេចបវរធិបតី បានថ្លែងបង្ហាញការប្តេជ្ញាការបន្តថែរក្សាសន្តិភាព ដែលកម្ពុជាទទួលបានយ៉ាងលំបាកតាមរយៈនយោបាយឈ្នះ-ឈ្នះ និងហ៊ានពុះពារឧបសគ្គគ្រប់បែបយ៉ាងទាំងអស់ ទោះត្រូវប្រើកណ្តាប់ដៃដែក ដើម្បីការទ្រទ្រង់ និងដើម្បីចិរភាពសន្តិភាពយូរអង្វែងនៅក្នុងប្រទេសកម្ពុជា៕