(ព្រះសីហនុ)៖ កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានប្រណាំងយានយន្តធំមួយ ក្បែរឆ្នេរអូរត្រេះ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road នេះ ត្រូវបានរៀបចំសហព័ន្ធកីឡាយានយន្តកម្ពុជា សហការជាមួយក្លឹបមហាគ្រួសារ off-Road កម្ពុជា ដោយមានការគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការផ្សេងទៀត ពិសេសគឺមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី ឡាវ ឥណ្ឌូណេស៉ីជាដើម ខណៈមកដល់ពេលនេះមានរថយន្តចូលរួមប្រមាណ៦០គ្រឿងហើយ។
លោក វង្ស គឹមហួត ប្រធានគណៈកម្មការរៀបចំបច្ចេកទេសនិងទីលានប្រណាំង បានឱ្យដឹងថា ក្នុងការប្រណាំងរថយន្តអន្តរជាតិនេះ គឺមានការបែងចែកជា៣ប្រភេទ៖
១-Class A (Hard core) ដែលជាប្រភេទជួបនិងឆ្លងកាត់ឧបសគ្គខ្លាំងបំផុត
២-Class B (Light core) ដែលជាប្រភេទឆ្លងកាត់ឧបសគ្គខ្លះៗ
៣-Class C (Overland)
លោក វង្ស គឹមហួត បានបន្តថា ចំពោះផ្លូវប្រណាំងក្នុងរយៈពេល៣ថ្ងៃនេះ ត្រូវបានបែងចែកទៅតាម Class និងថ្ងៃនីមួយៗ៖
* ក្នុងថ្ងៃទី១ ជាថ្ងៃចាប់ផ្ដើម៖
Class A (Hard core) ត្រូវប្រណាំងចំនួន៤ផ្លូវ ឬ 4 SS
Class B (Light core) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS
Class C (Overland) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS
* ក្នុងថ្ងៃទី២៖
Class A (Hard core) ត្រូវប្រណាំង៤ផ្លូវ ឬ 4 SS
Class B (Light core) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS
Class C (Overland) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS
* ក្នុងថ្ងៃទី៣ ជាថ្ងៃផ្ដាច់ព្រ័ត្រ៖
Class A (Hard core) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS
Class B (Light core) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS
Class C (Overland) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS
ចំពោះចំណាត់ថ្នាក់នៃការប្រកួតយានយន្តទាំង៣ប្រភេទនេះ ត្រូវបានលោក វង្ស គឹមហួត បញ្ជាក់ថា គណៈកម្មការនឹងជ្រើសរើសយកជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្នុងការប្រកួតទាំង៣ប្រភេទ ឬទាំង 3 Class នេះ ហើយជ័យលាភីទាំងឡាយនឹងទទួលបានពានរង្វាន់ទៅតាមចំណាត់ថ្នាក់រៀងៗខ្លួន។ ក្រៅពីនេះ Driver និង co-Driver ដែលមិនទទួលបានជ័យលាភីក៏នឹងទទួលបានមេដាយកិត្តិយសម្នាក់ៗមួយផងដែរ។
ប្រធានគណៈកម្មការបច្ចេកទេស លោក វង្ស គឹម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន សាធារណជននានាសូមចូលទស្សនាព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុនេះ ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករជាតិនិងអន្តរជាតិ និងចូលរួមលើកស្ទួយវិស័យកីឡាយានយន្តនៅកម្ពុជា។
ជាមួយនឹងបទពិសោធន៍ចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្តអន្តរជាតិជាច្រើនលើកមកនោះ លោក វង្ស គឹមហួត ជឿជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាយានយន្ត ប៉ុណ្ណោះទេ តែក៏ជាឱកាសសម្រាប់កីឡាករទាំងឡាយបានបង្ហាញពីសមត្ថភាពក្នុងការប្រណាំង វាស់ស្ទង់បទពិសោធន៍របស់ខ្លួននិងដៃគូប្រកួត ផ្លាស់ប្ដូរគំនិតយោបល់និងបច្ចេកទេសពីគ្នាទៅវិញទៅមក កសាងនិងពង្រឹងទំនាក់ទំនង រវាងកីឡាករជាតិនិងអន្តរជាតិ។ ពិសេសបំផុតនោះ គឺនឹងបង្ហាញពីសមត្ថភាពកូនខ្មែរក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តជាលក្ខណៈអន្តរជាតិ ផ្សព្វផ្សាយបង្ហាញពីគោលដៅទេសចរណ៍កម្ពុជា ក៏ដូចជាកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ៕