(កំពង់ធំ)៖ លោក ម៉េង លីនណា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ បាននាំយកអំណោយមនុស្សធម៍ចែកជូនគ្រួសារលោកអ៊ុំ សែប អ៊ាង ពិការភ្នែកទាំងសងខាង ស្វិតជើង អាយុ៧១ឆ្នាំ នៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ម៉េង លីនណា បានលើកឡើងថា ដោយមើលឃើញពីទុក្ខលំបាករបស់គ្រួសារលោកអ៊ុំមានជីវភាពខ្វះខាត ដូចនេះហើយទើបក្រុមការងារ ស.ស.យ.ក ឃុំប្រឡាយ ដោយមានកិច្ចសហការជាមួយក្រុមប្រឹក្សាឃុំ លោកនាយរងប៉ុស្តិ៍ លោកមេភូមិនាំយកអំណោយមកផ្ដល់ជូននៅពេលនេះ ដែលជាការចូលរួមបានមួយចំណែក ទោះបីជាអំណោយដែលបានចែកជូននៅពេលនេះមិនគ្រប់តាមតម្រូវការ ក៏ពិតមែនក៏ប៉ុន្តែក្នុងនាមរូបលោកផ្ទាល់ ក៏ដូចជាប្រធាន ស.ស.យ.ក ស្រុក និងអាជ្ញាធរមូលដ្ឋាននៅតែមើលឃើញ និងយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារដែលងាយរងគ្រោះខ្វះខាតជានិច្ច។

លោកបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការស្វះស្វែងរកអំណោយមនុស្សធម៌ជូនគ្រួសារដែលកំពុងខ្វះខាតខ្លាំង ព្រោះអំណោយនិងថវិកាដែលប្រមូលបានជាការរួមចំណែក និងវប្បធម៌នៃការចែករំលែក ជួយគ្នាក្នុងគ្រាក្រ ជួបការលំបាក ហើយលើកទឹកចិត្តឱ្យបងប្អូនរបស់យើងចេះមើលឃើញពីទុក្ខលំបាក។

លោកបានជំរុញដល់ក្រុមគ្រួសារលោកអ៊ុំត្រូវថែទាំសុខភាពឲ្យបានល្អ និងមានអនាម័យខ្ពស់ និងគ្រួសារផ្សេងទៀតដោយអនុវត្តនៅវិធានការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានពិសេស មេភូមិត្រូវតែតាមដាននៅស្ថានភាពរបស់គ្រួសារលោកអ៊ុំ ឬក៏ក្រុមគ្រួសារដែលជួបទុក្ខលំបាកផ្សេងទៀត ដើម្បីផ្ដល់ព័ត៌មានដល់អាជ្ញាធរឃុំ និងក្រុមការងារ ស ស យ ក ក្នុងការចូលរួមសហការគ្នាស្វែងរកសប្បុរសធម៌ផ្សេងៗទៀតទៅតាមលទ្ធភាពជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនរួមមានអង្ករ១បេ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ ប្រេងឆា១ដប ទឹកបរិសុទ្ធ១០យួរ ថវិកា៣៧ម៉ឺនរៀល ថវិការបស់ ស.ស.យ.ក ១៧ម៉ឺន និង២០ម៉ឺនទៀត ជាថវិការបស់ព្រះបរិត្តកោសល្យ ណិប  អ៊ាន ព្រះអនុគណស្រុកស្ទោង និងព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត៕