(កំពង់ធំ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានណែនាំដល់សមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង ត្រួតពិនិត្យស្តង់ដារការងារត្រឹមត្រូវ ជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា។

ការថ្លែងបែបនេះរបស់លោកបានធ្វើឡើងនាឱកាសដែលលោកអញ្ជើញចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងដំណេីរទស្សនកិច្ចនេះ មានការចូលរួមពីសំណាក់ លោកឯកអគ្គរដ្ឋទូតសហភាពអុឺរ៉ុប ឆេក និងអាល្លឺម៉ង់ បានអញ្ជេីញចុះទស្សនកិច្ចពីដំណេីរការដាំដុះដំណាំស្វាយចន្ទី ការដាក់ជីបំប៉ន ដេីម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៃដំណាំស្វាយចន្ទី និងជំរុញទៅកាន់ទីផ្សារប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានកោតសរសេីរសហគមន៍ ដែលមានការរៀបចំនូវផែនការសហគមន៍បានល្អ មានយុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសេីម ៥០% និងគ្រាប់ស្វាយចន្ទីស្ងួត ៥០% ដែលអាចធានាតម្លៃទីផ្សារស្វាយចន្ទីបានល្អ។

លេីសពីនេះ លោកក៏បានលេីកទឹកចិត្តដល់សមាជិកទាំងអស់ត្រូវចេះធ្វេីការរួមគ្នា មានទំនេីបកម្មទាំងសហគមន៍ និងធនធានមនុស្ស មានការគ្រប់គ្រងល្អ ត្រួតពិនិត្យស្តង់ដារការងារត្រឹមត្រូវ ជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា ដោយពង្រឹងការដាំដុះឱ្យមានគុណភាពល្អ និងលក់បានថ្លៃ។

នាឱកាសនេះ លោក ឌិត ទីណា ក៏បានទទួលនូវសំណូមពររបស់សហគមន៍ និងស្វែងរកដៃគូ និងគម្រោងនានាជួយគាំទ្រនូវសហគមន៍កសិកម្មទំនេីបនេះ ហេីយក្រសួងកសិកម្មនឹងជួយជាជំនួយបច្ចេកទេស ការគ្រប់គ្រងសត្វល្អិត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

សូមរំឮកជូនថា សហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង បានផ្តោតការដាំដុះលេីដំណាំស្វាយចន្ទី ដែលមានសមាជិកចំនួន ១៥២ គ្រួសារនិងមានផ្ទៃដីដាំដុះចំនួន ៦២៣ហិកតា ព្រមទាំងទទួលការជួយគាំទ្រពីក្រសួងកសិកម្ម ក្នុងការរៀបចំផែនការអាជីវកម្ម ការជ្រេីសរេីសបុគ្គលិក និងការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្វាយចន្ទី៕