(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ជាគ្រូពេទ្យ នៅពេលបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ មានតែសមត្ថភាពក្នុងការព្យាបាលតែមួយមុខមិនគ្រប់គ្រាន់នោះទេ គឺសំខាន់ទៅលើឥរិយាបថផងដែរ ព្រោះថាជួនកាលអាចព្យាបាលអ្នកជំងឺជាសះស្បើយបាន តែបែរជាឱ្យអ្នកជំងឺត្រូវគ្រាំ ឬឈឺចិត្ដទៅវិញ ដោយតែឥរិយាបថរបស់យើងជាគ្រូពេទ្យ។ ដូច្នេះសូមស្នើដល់ថ្នាក់ដឹកនាំ និងនិស្សិតពេទ្យ ត្រូវពង្រឹងបន្ថែមទៅលើក្រមសីលធម៌វិជ្ជាជីវៈ។
ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ពេលដែរយើងសម្រេចចិត្ដជ្រើសរើសយកមុខវិជ្ជាជីវៈជាគ្រូពេទ្យ គឺមានន័យថាលះបង់។ យើងធ្វើពេទ្យ ទោះជាផ្នែកណាក៏ដោយ ក៏ត្រូវតែយាមប្រចាំការដែរ យើងគេងនៅផ្ទះតែ២ យប់ទី៣ យើងត្រូវមកប្រចាំការនៅពេទ្យ ឬពេលខ្លះយើងបានគេងផ្ទះ៣យប់ តែយប់ទី៤ត្រូវមកប្រចាំការ ប៉ុន្ដែយើងទាំងអស់ជាគ្រូពេទ្យ គឺបានធ្វើកិច្ចការងារដែលមានកុសល មានក្ដីករុណា សម្រាប់ជួយជីវិតមនុស្ស ដូច្នេះសូមលើកទឹកចិត្ដដល់ក្មួយៗជានិស្សិតពេទ្យ ត្រូវតែមានការជឿជាក់លើខ្លួនឯង មានសក្តានុពល និងការបេ្តជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស»។
លើសពីនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី «ជំរុញឱ្យសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដែលជាសាលាដ៏គំរូមួយ ទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ សូមបន្ដពង្រឹងបន្ថែមលើការបណ្ដុះបណ្ដាលផ្នែកក្រមសីលធម៌វិជ្ជាជីវៈឱ្យប្រសើរថែមទៀត ហើយសូមឱ្យនិស្សិតយកចិត្ដទុកដាក់ទៅលើបញ្ហានេះផងដែរ ដើម្បីថែទាំ ព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ដខ្ពស់»
ជាមួយគ្នានោះ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរួមមាន៖
* ពង្រឹងគុណភាពឱ្យបានជាប់ជាប្រចាំគ្រប់កម្រិត និងរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ជាពិសេសវគ្គវិក្រិត្យការបុគ្គលិកសុខាភិបាល
* ខិតខំពង្រីកការផ្សព្វផ្សាយ និងលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល
* ពង្រឹងសមត្ថភាពគរុកោសល្យ សម្រាប់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ
* មានការយកចិត្តទុកដាក់ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល
* ពង្រឹងបន្ថែមនូវអភិបាលកិច្ច និងបង្កើនការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍
* បន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្រប ដើម្បីបម្រើដល់ការបណ្តុះបណ្តាល
* ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីសំដៅជំរុញកៀរគរធនធាន ទាំងបច្ចេកទេស និងការអភិវឌ្ឍឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្រប់ផ្នែកទាំងអស់ សូមបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ ក្នុងការផ្តល់នូវសាស្រ្តាចារ្យ មកបង្រៀន និងចូលរួមកែលំអឧបករណ៍បង្រៀន វាយតម្លៃនិស្សិត ព្រមទាំងការជួយពង្រឹងគុណភាពកម្មសិក្សា ដល់និស្សិត។
ជាទីបញ្ចប់លោកសាស្ត្រាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាដៃគូអភិវឌ្ឍន៍នានាដែលបានធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យ។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ខិតខំ បេ្តជ្ញាចិត្តរៀនសូត្រ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ និងប្រទេសជាតិ។
សូមជម្រាបជូនថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន ៥១កម្មវិធី ដោយមាននិស្សិតសរុបចំនួន ៧,៩៤៩នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៤,៩៦៦នាក់។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិត ចំនួន ៧២៧នាក់ (ស្រីចំនួន ៥០៩ នាក់) បានទទួលអាហារូបករណ៍បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា។ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ៦១នាក់ (ស្រីចំនួន ២១ នាក់) បានទទួលអាហារូបករណ៍ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២នាក់ បានទទួលអាហារូបករណ៍ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី៕