(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី៤១ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៤០ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។
បើតាមរបាយការណ៍របស់កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលរួមអង្កេតករណីអំពើពុករលួយធំៗជាច្រើន ក្នុងករណីរំលោភអំណាចក្នុងការងារលទ្ធកម្មកិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោងអភិវឌ្ឈន៍តាមឃុំភូមិរបស់ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ និងបក្ខពួក ២នាក់ទៀត។
ករណីជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំង (ដោះដូរដីពន្ធនាគារចាស់សាងសង់ពន្ធនាគារថ្មី) ដែលឧកញ៉ា អ៊ុត ធី ចំណាយទុន ១,៩លានដុល្លារអាមេរិក ចូលហ៊ុនបន្ថែមក្នុងក្រុមហ៊ុន អាស្នារិទ្ធ ហើយចំណាយប្រាក់ ៥០ម៉ឺនដុល្លារទៀតឱ្យ មួង ឃីម, ដួង តារា, លី សាម៉េត ប្រើឥទ្ធិពលមកលើរដ្ឋបាលខេត្តកំពង់ឆ្នាំង យល់ព្រមតាមដំណោះស្រាយរបស់ ដួង តារា។
ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយឈ្មោះ កន សុខកាយ ចំណាយប្រាក់ ៣០ម៉ឺនដុល្លារ ឱ្យមក ដួង តារា, ឡាច សំរោង, លី សាម៉េត ដើម្បីឱ្យរូបខ្លួនទទួលបានការតែងតាំងជាអភិបាលក្រុងអរិយក្សត្រ (ប្រគល់លើកទី១ ចំនួន ១៥ម៉ឺន ប្រគល់លើកទី២ ចំនួន១៥ម៉ឺន ដួង តារា, ឡាច សំរោង ប្រាប់ លី សាម៉េត ជាទឹកប្រាក់ កន សុខកាយ ជូនដើម្បីឱ្យបានជាអភិបាលក្រុងអរិយក្សត្រ មានតែ១២ ម៉ឺនដុល្លារ)។
ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយអភិបាលរងខេត្តពោធិ៍សាត់ ឡាយ វិសិដ្ឋ (ចំណាយប្រាក់ ៥៧ម៉ឺនដុល្លារ) ទៅ ឡាច សំរោង និង លី សាម៉េត។ ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្ត ដោយ មួង ឃីម និងបក្ខពួកឱ្យយុវជនម្នាក់ទើបជាប់បរិញ្ញាបត្រ ឱ្យបានចូលក្របខណ្ឌគយ ហើយឱ្យបានធ្វើគយនៅខេត្តបាត់ដំបង ជាថ្នូរនឹងប្រាក់៣០ ម៉ឺនដុល្លារអាមេរិក)។ រាល់ករណីប៉ុនប៉ងសូកប៉ាន់ខាងលើបានបរាជ័យ មិនអាចសម្រេចដោយថ្នាក់លើមិនដែលធ្វើការតែងតាំងមន្រ្តីដោយសំណូកឡើយ។
ករណីដីធ្លីរបស់អ្នកវិនិយោគធំៗ, តំបន់សេដ្ឋកិច្ចពិសេស (SSEZ) បញ្ហារ៉ាំរ៉ៃ នៃបណ្តឹងដដែលៗ ដែលនៅមិនព្រមរលត់, ដីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាប។ បញ្ហាដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប តំបន់៣ តំបន់២ ខេត្តកំពង់ធំ ដែលអង្គភាពរកឃើញអ្នកកាន់កាប់ដីធំៗខុសច្បាប់ចំនួន ១៧៦នាក់ (សរុបដីកាន់កាប់ខុសច្បាប់ក្នុងនោះ មាន១៥២នាក់ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ៣០,១០៩ហិកតា) ហើយ២៤នាក់ (កាន់កាប់ខុសច្បាប់ ៩,៤៦៣ហិកតា អ្នកខ្លះកាន់កាប់រហូតដល់ ២.៥០០ហិកតា) ប្រកែកមិនប្រគល់ដីជូនរដ្ឋវិញ។
បន្ថែមពីនេះ មានមន្ដ្រីចំនួន ៣៣៩រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១៩៩រូប។ ដោយឡែកមន្ដ្រី ១៤០រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយដោយមូលហេតុបញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ។ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៣៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន០៤ ដែលមានជនសង្ស័យចំនួន ០៩រូប ទៅសាលាដំបូងខេត្តតាកែវ និងរាជធានីភ្នំពេញ៕