(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកទឹកចិត្តកសិករឱ្យនាំគ្នាងាកមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ គ្រាដែលពូជស្រូវនេះមានទីផ្សារល្អ និងមានតម្លៃខ្ពស់។

ការលើកទឹកចិត្តធ្វើឡើង ក្រោយដឹកនាំក្រុមការងារ និងមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យការប្រមូលផលស្រូវស្រាល ស្រូវកណ្តាលរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ស្រូវសែនក្រអូប គឺជាពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា ប៉ុន្តែកន្លងមកប្រជាកសិករមួយចំនួនហាក់មិនបានចាប់អារម្មណ៍ក្នុងការដាំដុះប្រភេទស្រូវនេះនោះទេ បែរជានាំគ្នាដាំដុះស្រូវនាំចូលពីបរទេសទៅវិញ។

ស្រូវសែនក្រអូបដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្នស្រូវសើមមានតម្លៃប្រមាណ១៤០០រៀល ក្នុងមួយគីឡូ ឬអាចលើសពីនេះ គ្រាដែលស្រូវបងប្អូនប្រជាកសិករ និយមធ្វើសព្វថ្ងៃមានតម្លៃចន្លោះពី ៨០០ ទៅ១០០០រៀល ឬលើសពីនេះតិចតួចប៉ុណ្ណោះ។

លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានបញ្ជាក់ថា ពាក់ព័ន្ធនិងវិស័យស្រូវអង្ករនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះការនាំចូលបរិក្ខាកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវក៏ត្រូវបានលើកលែង។ ជាងនេះទៅទៀត សម្តេចបាននិងកំពុងពង្រីក វិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់កម្ពុជា ដោយបានបន្តចែកចាយ និងនាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ។

ក្នុងជំនួបជាមួយបងប្អូនប្រជាកសិករ, លោក ជាម ចន្ទ័សោភ័ណ បានក្រើនរំឭកបន្ថែមផងដែរ ដោយឱ្យបងប្អូនប្រជាពលរដ្ឋបន្ថែមការដាំដុះបន្លែសុវត្ថិភាព គ្រាដែលបច្ចុប្បន្នទីផ្សារបន្លែ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលទានច្រើនពីបងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសនៅទីផ្សារទំនើបរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាម ហើយចំពោះតំលៃក៏ខ្ពស់ផងដែរ ដែលការណ៍នេះអាចជួយលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃបានមួយកម្រិតថែមទៀត។

ពាក់ព័ន្ធនិងការក្រើនរំឭកនេះលោក យឹម ណន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ការបង្កបង្កើនផលស្រូវស្រាល ស្រូវកណ្តាលឆ្នាំនេះគឺបានទទួលបានទិន្នផលល្អប្រសើរ ទោះបីជាប្រជាកសិករជួបប្រទះឧបសគ្គ ដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ និងគ្រោះរាំងស្ងួតខ្លះក៏ដោយ ដែលការដាំដុះស្រូវវស្សានៅទូទាំងខេត្តបានចំនួនជាង១២ម៉ឺនហិកតា កើនជាងបណ្តាឆ្នាំមុនៗ ហើយគិតមកទល់ថ្ងៃនេះប្រមូលផលបានជាង៥០%ហើយ។ ចំពោះទន្នផលស្រូវ គឺក្នុងមួយហិកតាទទួលបានជាង ៣តោន និងតំលៃស្រូវដែលឈ្មួញកណ្តាលប្រមូលទិញនៅលើវាលស្រែគឺជិត ១៤០០រៀលក្នុងមួយគីឡូក្រាម៕