(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «រដ្ឋ និងសេដ្ឋកិច្ចទីផ្សារ » នៅវិមាន៧មករា។

នៅក្នុងបាឋកថាស្តីពី «រដ្ឋ និងសេដ្ឋកិច្ចទីផ្សារ » នៅនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានចែករំលែកអំពីប្រវត្តិកកើត នៃសេដ្ឋកិច្ចពិភពលោក និងកម្ពុជា សមិទ្ធផលនានាដែលក្រសួងសម្រេចបាន ព្រមទាំងបានរៀបរាប់ពីមុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗរបស់ក្រសួង ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍគ្រប់វិស័យ។

លោលបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដាក់កំណែទម្រង់វិស័យគ្រប់វិស័យ ហើយ ជាកូនសោរគន្លឹះក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលអាចនិយាយបានថាជាការធ្វើបច្ចុប្បន្នភាពនៃការបន្តពង្រឹងបន្ថែមទៀតឲ្យកាន់តែមុតស្រួច លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនបានត្រួតត្រាយផ្លូវហើយ។ ការងារកែទម្រង់នេះ មិនមែនជាអ្វីដែលថ្មីនោះទេ វាជាដំណើរការនៃការបន្តការងារ និងឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញប្រមាណជាង២ទស្សវត្សរ៍មកហើយ។

សូមជម្រាបថា វគ្គអប់រំនយោបាយគណបក្សកម្រិត២ វគ្គទី១៤ មានការអញ្ជើញចូលរួមសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤៥រូប (ស្រី១៥រូប)៕