(ភ្នំពេញ)៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសូងអប់រំបានប្តេជ្ញាចិត្តក្នុងការកសាងអនាគតកុមារកម្ពុជាឲ្យមានសុខភាពល្អ។ ជាមួយគ្នានេះក្រសួងក៏នឹងប្ដេជ្ញាចូលរួមកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពស្លេកស្លាំង កង្វះជាតិដែកក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ ដោយធានាថា ពួកគេមានការលូតលាស់ និងឱកាសដើម្បីរីកចម្រើន។​

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់រូបនេះបានធ្វើឡើងខណៈដែលក្រុមហ៊ុន ដាណន់ កម្ពុជា បានប្រារឰទិវា​កង្វះជាតិដែក ដោយចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ខេមបូឌា (ដាណន់កម្ពុជា) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារ និងភេសជ្ជៈ ផ្តោតលើសុខភាពដែលឈានមុខគេលើពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយកាត់បន្ថយភាពស្លេកស្លាំង កង្វះជាតិដែក និងកង្វះអាហារូបត្ថម្ភ​របស់កុមារក្នុងប្រទេសកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខានេះ ប្រារព្ធធ្វើឡើងនៅ រ៉ូសវូដភ្នំពេញ នាថ្ងៃទី២៦​ ខែវិច្ឆិកា ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក Maarten VAN LEEUWEN នាយកគ្រប់គ្រងក្រុមហ៊ុន ដាណន់ ប្រចាំប្រទេស។

កិច្ចព្រមព្រៀងនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបញ្ហាកង្វះជាតិដែកដែលនាំ​ឱ្យមានភាពស្លេកស្លាំងក្នុងចំណោមកុមារនៅប្រទេសកម្ពុជា។ ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ត្រូវបាន​រៀបចំ​ឡើង​​នៅ​ក្នុង​ទិវា​កង្វះ​ជាតិ​ដែកអន្តរជាតិ ដែលគូសបញ្ជាក់ពីសារៈសំខាន់ៗនៃគំនិតផ្តួចផ្តើម។

លោកជំទាវ គឹម សេដ្ឋានី បានថ្លែងថា «ក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តក្នុងការកសាងអនាគតកុមារកម្ពុជាឲ្យមានសុខភាពល្អ។ ភាពជាដៃគូជាមួយ ក្រុមហ៊ុន ដាណន់ កម្ពុជា ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់យើង ក្នុងការលើកកម្ពស់ការយល់ដឹងអំពីកង្វះអាហារូបត្ថម្ភ និងជំងឺកង្វះជាតិដែក ចូលរួមកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពស្លេកស្លាំង កង្វះជាតិដែកក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ ដោយធានាថាពួកគេមានការលូតលាស់ និងឱកាសដើម្បីរីកចម្រើន សម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ»

លោក Maarten VAN LEEUWEN ប្រធានគ្រប់គ្រងក្រុមហ៊ុន ដាណន់ កម្ពុជា ចាំប្រទេស បានថ្លែងថា «ក្រុមហ៊ុនដាណន់​ កម្ពុជា បានគាំទ្រដោយមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងភាពស្លេកស្លាំង កង្វះជាតិដែកអស់រយៈពេលជាច្រើនឆ្នាំ។ ខណៈដែលការធ្វើដំណើររបស់ពួកយើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍កន្លមក បេសកកម្មរបស់យើង គឺនៅតែបន្តដំណើរដ៏វែងឆ្ងាយបន្តទៀត។ យើងទាំងអស់គ្នានឹងបន្តខិតខំដើម្បីអនាគតដ៏ប្រសើរសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា។

លោក Maarten បានបន្ថែមថា «កម្មវិធីចុះហត្ថលេខានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះសុខភាព និងសុខុមាលភាពរបស់កុមារនៅប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនទទួលបានវិញ្ញាបនប័ត្រ B Corp™p យើងប្តេជ្ញារួមចំណែកជាវិជ្ជមានដល់សង្គម និងបរិស្ថាន ជាពិសេសយើងនឹងយកចិត្តទុកដាក់ចំពោះផ្នែកសុខភាព។ តាមរយៈ​ការកែលម្អ​ការអនុវត្ត​ការពិនិត្យ និង​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​អាហារូបត្ថម្ភ យើង​មាន​គោលបំណង​បង្កើត​ផលជះជាវិជ្ជមានដ៏យូរអង្វែង​ដល់​ជីវិត​របស់​កុមារ​តូចៗ​នៅ​ទូទាំងប្រទេស​»​

ក្រោមអនុស្សារណៈនេះ ក្រុមហ៊ុន ដាណន់ កម្ពុជា នឹងសហការជាមួយជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនការអនុវត្ត ការពិនិត្យលើកុមារអាយុក្រោម៥ឆ្នាំ ក្នុងគោលបំណងបង្កើត​ប្រព័ន្ធត្រួតពិនិត្យភាពស្លេកស្លាំងដោយសារកង្វះជាតិដែក (IDA) ​ជូន​ដល់​ពួកគេ​អោយបាន​​នៅត្រឹម​ឆ្នាំ២០២៧នេះ។ ពិធីចុះហត្ថលេខានេះ ក៏សន្យាថានឹងបង្កើនការយល់ដឹងអំពីតួនាទីរបស់អាហារលើស្ថានភាពសុខភាពរបស់កូនៗយើង ដោយដាក់ចេញនូវ(១)លើកកម្ពស់ការយល់ដឹង និងភាពកាន់តែល្អប្រសើរឡើងនៃការអប់រំអំពីកង្វះអាហារូបត្ថម្ភ និង IDA សម្រាប់អ្នកទទួលផល (រួមមានមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធផ្សេងទៀត)។
(២). ការបង្កើនចំណេះដឹងអំពីផលវិបាកនៃភាពស្លេកស្លាំង សម្រាប់កុមារដែលមានអាយុក្រោម ៥ ឆ្នាំ និងសារៈសំខាន់ នៃការទទួលទានអាហារដែលសម្បូរជាតិដែក តាមរយៈការអប់រំ និងការត្រួតពិនិត្យភាពស្លេកស្លាំង។
(៣). ការណែនាំដំបូង ឬការសាកល្បងលើការធ្វើត្រួតពិនិត្យ IDA សម្រាប់កុមារដែលមានអាយុក្រោម ៥ឆ្នាំ នៃការសិក្សា អប់រំថ្នាក់មត្តេយ្យ។

តាមការយល់ដឹងអំពីស្ថានភាពសុខភាពកុមារនៅកម្ពុជានាពេលបច្ចុប្បន្នបង្ហាញថា ភាពស្លេកស្លាំង គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ជាពិសេសប៉ះពាល់ដល់ស្ត្រី និងកុមារ។ កង្វះជាតិដែកគឺជាមូលហេតុចំបង ដែលបណ្តាលឱ្យមានភាពស្លេកស្លាំង ហើយវាអាចត្រូវបានដោះស្រាយ បានតាមរយៈការកែតម្រូវរបបអាហារ។ យើងទាំងអស់គ្នា អាចធ្វើការកែតម្រូវដើម្បីឱ្យសុខភាពកុមារនៅប្រទេសកម្ពុជាប្រសើរឡើង តាមរយ:ការត្រួតពិនិត្យស្វែងរកភាពស្លេកស្លាំយ៉ាងសកម្ម និងព្យាបាលទាន់ពេលវេលា ដើម្បីបង្ការផលប៉ះពាល់សុខភាពរយៈពេលវែង វាអាចការពារផលវិបាកសុខភាពរយៈពេលវែង។ លើសពីនេះទៅទៀតយើងអាចផ្តល់ការគាំទ្រនូវអាហាររូបត្ថម្ភត្រឹមត្រូវ ក្នុងអំឡុងពេលសំខាន់នេះ ដើម្បីគាំទ្រជួយឱ្យកុមារតូចៗលូតលាស់បានពេញលេញ៕