(ភ្នំពេញ)៖ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត និងបានបន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព មានកិច្ចការពារ និងប្រកបដោយបរិយាបន្ន។

ការលើកឡើងរបស់លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាលើកឡើង ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញ វត្ថុនៅកម្ពុជា បានបង្ហាញពីការវិវត្ត និងរីកចម្រើនយ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយវិសមភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។

លោកបានបន្តថា ទោះបីយ៉ាងនេះក្តី វិស័យនេះក៏កំពុងទទួលរងនូវការចោទប្រកាន់ មិនមានមូលដ្ឋានជាក់លាក់ និងការព្រួយបារម្ភ ពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់បំណុល លើសលប់ ការអនុវត្តសកម្មភាពប្រមូលបំណុលដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រកាត់បន្ថយរបបអាហារ ឬលក់ដីធ្លី ឬធ្វើចំណាកស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ការសិក្សា និងការជិះជាន់លើពលកម្មកុមារ ដើម្បីអាចទូទាត់ សងប្រាក់។

លោកបានបន្ថែមថា បញ្ហាចម្បងៗដែលជាដើមហេតុនៃ ការចោទប្រកាន់ទាំងនេះរួមមាន៖ ការផ្តល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតទាប ការឆកល្វែងក្នុង ការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សាយនៃដំណើរការវាយតម្លៃ ក្នុងការផ្តល់ឥណទាន ការផ្តល់ឥណទានដោយផ្ដោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការពិន័យផ្សេងៗក្នុងកម្រិតខ្ពស់ និងការអនុវត្តការងាររបស់បុគ្គលិកគ្រឹះស្ថានដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈជាដើម។

លោក អែម កំណាន់ បានបញ្ជាក់ថា «បញ្ហានេះធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួលបញ្ហាប្រឈមនានា ក្នុងប្រព័ន្ធធនាគារ។ ជាក់ស្ដែង ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌ បទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់ អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាពនិងការអភិវឌ្ឍន៍»

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា បញ្ហានេះសមាគមបានកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់ សេវាឥណទានក្រៅផ្លូវការ កិច្ចការនេះត្រូវបានធ្វើឡើង តាមរយៈការបោះពុម្ពបញ្ជីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ រួចធ្វើការបែងចែកសៀវភៅ ដល់គ្រប់អាជ្ញាធរមូលដ្ឋានដែលរួមមាន៖ មេឃុំ មេភូមិ និងប៉ូលីសប៉ុស្តិ ដើម្បីអាជ្ញាធរមូលដ្ឋានមាន មូលដ្ឋាននៅក្នុងការផ្តល់ព័ត៌មាន បឋម ក៏ដូចជាធ្វើការផ្សព្វផ្សាយបន្តនូវគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការទាំងនោះ។

លោកស្រីបានបន្ដថា ជាក់ស្តែងវិស័យមីក្រូហិរញ្ញនៅកម្ពុជានៅតែបន្ត រក្សាបានកំណើន និងស្ថិរភាពតាមរយៈការផ្តល់សេវាកម្ម ប្រកបដោយបរិយាបន្ន ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារ អតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥៕