(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសម៉ាឡេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សា អំពីការត្រៀមរៀបចំសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅឆ្នាំ២០២៥។
នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាអាហារការងារថ្ងៃត្រង់ រៀបចំដោយឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការងារជាច្រើន ដោយផ្តោតសំខាន់លើការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥។ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការគាំទ្រឥតងាករេរបស់ លេខាធិការដ្ឋានអាស៊ាន ចំពោះប្រធានអាស៊ាន ដើម្បីសម្រេចបានអាទិភាពសំខាន់ៗ និង សមិទ្ធផលដែលអាចសម្រេចបានដែលប្រព្រឹត្តទៅនៅក្រោមមូលបទ “បរិយាប័ន្ន និង និរន្តភាព/ Inclusivity and Sustainability”។
ដោយឡែកនៅរសៀលថ្ងៃអង្គារ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Tengku Datuk Seri Utama Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីក្នុងឆ្នាំ២០២៥។ ការតាក់តែងផែនការយុទ្ធសាស្ត្ររបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ២០២៦ ដល់ ២០៣០ ក៏ត្រូវបានពិភាក្សាផងដែរ ដូចដែលឆ្នាំ២០២៥ គឺជាឆ្នាំដ៏មានសារៈសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចរបស់តំបន់៕