(តាកែវ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺករណីចាប់ខ្លួនលោកយាយម្នាក់អាយុ៨២ឆ្នាំ នៅស្រុកបាទី ខេត្តតាកែវ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី តាមដីការបស់តុលាការ។

ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការចាប់ខ្លួន លោកយាយតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ លេខ០២៥/២៤ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា និងបទធ្វើឲ្យបាត់ជំនឿលើសេចក្តី សម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

យ៉ាងណាមិញ ជុំវិញការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោកយាយអាយុ៨២ឆ្នាំរូបនេះ ក៏មានការជជែកវែកញែកគ្នាច្រើនផងដែរ ពាក់ព័ន្ធជាមួយទិដ្ឋភាពច្បាប់ និងស្ថានភាពជាក់ស្ដែងរបស់លោកយាយ ដែលមានវ័យរហូតដល់៨២ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារ។ ជាមួយគ្នានេះ នៅក្នុងដីកាបញ្ជាឲ្យចាប់ និងឃុំខ្លួនលោកយាយ គឺដាក់អាយុ៧៤ឆ្នាំ តែជាក់ស្តែងលោកយាយមានអាយុរហូតដល់៨២ឆ្នាំ ពោលកើតនៅឆ្នាំ១៩៤២៕