(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន នៃក្រសួងមហាផ្ទៃ។

ការថ្លែងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ដែលមានអ្នកចូលរួមអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ ទូទាំងស្រុកកំរៀង សរុប៨០នាក់ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងនាមលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានពាំនាំនូវការកោតសសើរពីសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់អស់លោកលោកស្រីជាសិក្ខាកាមទាំងអស់។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយជូនពីយន្តការ នៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតួនាទី គោលការណ៍សំខាន់ៗគោលនយោបាយ និងកិច្ចការសំខាន់ៗរបស់គណៈកម្មាធិការសម្របសម្រួល អនុវត្តនិងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ផ្សព្វផ្សាយជូនផងដែរពីតួនាទីរបស់គណៈកម្មការក្នុងការចូលរួមអនុវត្តគោលការណ៍ គោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាចូលរួមធ្វើឲ្យសម្រេចបាននូវឆន្ទៈរបស់ រាជរដ្ឋាភិបាលសម្អាតផ្ទះ និងសម្អាតចកចេញពីបឹង គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែង ស៊ីសង ខុសច្បាប់ និងបទល្មើសគ្រប់ប្រេតទ (ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព) និងធ្វើការសម្របសម្រួលអង្គភាពក្រោមឱវាទ ក្រសួងមហាផ្ទៃទាំងអស់ ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជំរុញការអនុវត្តគោលនយោបាយ ផែនការសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឧត្តមសេនីយឯក នាក់ យុទ្ធា បានលើកឡើងពីតួនាទីសំខាន់ៗរបស់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការរួមគ្នារៀបចំយុទ្ធសាស្ត្រ យន្តការផែនការសកម្មភាពការងារច្បាស់លាស់ឆ្លើយតប ទៅនឹងសភាពការណ៍គ្រឿងញៀននៅមូលដ្ឋានរបស់ខ្លួនក្នុងគោលដៅបង្ការ ទប់ស្កាត់បង្រ្កាបគ្រឿងញៀនស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដោះស្រាយកង្វល់ជូនដល់ប្រជាពលរដ្ឋ៕