(ភ្នំពេញ)៖ លោក ឈឹម​ ផលវរុណ ប្រធា​ន​លេ​ខា​ធិ​ការរដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែកន្លងមកនេះ សម្តេចនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អញ្ជើញរដ្ឋមន្ត្រីចំនួន ៣រូប ដើម្បីបំភ្លឺ។

លោក ឈឹម​ ផលវរុណ ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំឆមាសទី២ របស់ក្រុមឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

លោក ឈឹម​ ផលវរុណ បានបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេល ៦ខែកន្លងមកនេះ ដែលសម្តេចនាយករដ្ឋមន្ត្រីអនុញ្ញាត អញ្ជើញរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បំភ្លឺព្រំដែនស្របច្បាប់រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។ យើងបានពន្យល់យ៉ាងច្បាស់ យើងក៏បានយល់គ្នា ហើយយើងក៏បានចូលរួមផ្តល់គំនិត [...] បានគោរពអញ្ជើញរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលសុំបំភ្លឺពាក់ព័ន្ធនឹងប្រធានបទ CLV អីចឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បំភ្លឺពីចំណុចសំខាន់ៗ [...]យើងក៏បានអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្ម ពាក់ព័ន្ធរឿងផលិតផលកសិកម្ម ទីផ្សារកសិកម្ម ជី ជាដើម»

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តហោះការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។

ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានា របស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី៕