(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអប់រំណែនាំដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី នៃកងរាជអាវុធហត្ថខេត្តកំពត ទៅចូលសាលាមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ធ្វើយ៉ាងណាត្រូវចេះតស៊ូ ព្យាយាមសិក្សារៀនសូត្រ ស្រូបយកចំណេះដឹង ជំនាញ បច្ចេកទេស និងបទពិសោធ ដើម្បីមានមូលដ្ឋានក្នុងការបំពេញតួនាទីរបស់ខ្លួន ពេលត្រឡប់មកវិញ។
ថ្លែងក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី៤១រូប ទៅហ្វឹកហាត់នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត លោកបណ្ឌិត ម៉ៅ ធនិន បានណែនាំឲ្យប្រឹងប្រែងឲ្យអស់លទ្ធភាព ក្នុងការសងគុណទឹកដីកំណើត ដឹងគុណដល់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន។
ទន្ទឹមនេះ លោកអភិបាលខេត្ត បានអះអាងថា កងកម្លាំងទាំងអស់មានតួនាទីសំខាន់ណាស់ ក្នុងការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អធិបតេយ្យ និងឯករាជភាពទឹកដី ជួយជ្រោងដល់ការអភិវឌ្ឍសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះក្នុងនាមកងកម្លាំងត្រូវគោរពវិន័យ បទបញ្ជា ក្រមសីលធម៌កងទ័ព ពិសេសត្រូវបណ្តុះស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានសម្តែងសេចក្តីសាទរ ជាមួយគ្រួសាររបស់យោធិនទាំង៤១នាក់ ដែលទើបប្រឡងជាប់ជាស្ថាពរ និងបានផ្តាំផ្ញើដល់យោធិនឲ្យយកចិត្តទុកដាក់ខិតខំហ្វឹកហាត់ឲ្យបានល្អប្រសើរ ព្រោះវគ្គហ្វឹកហ្វឺននេះ ជាមូលដ្ឋានគ្រិះសំខាន់សម្រាប់កម្លាំងកងរាជអាវុធហត្ថ ក្នុងការយកមកបំពេញភារកិច្ចតួនាទី ការពារសន្តិសុខ សណ្តាប់ធ្នាប់ នាធានូវសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការពារមាតុភូមិទាំងមូល។
ក្នុងឱកាសជូនដំណើរយោធិនខាងលើ លោកអភិបាលខេត្តកំពត បានឧបត្ថម្ភដល់យោធិន ចំនួន៤១នាក់ ក្នុងម្នាក់ៗ៤០ម៉ឺនរៀល។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានផ្តល់ជូននូវសម្ភារៈ និងថវិកាមួយចំនួន ដើម្បីលើកទឹកចិត្តដល់យោធិនទាំងអស់ ឲ្យទទួលបានលទ្ធផលល្អ ក្នុងការហ្វឹកហាត់ទាំងលើទ្រឹស្តី និងការអនុវត្ត៕