(ភ្នំពេញ)៖ មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំកម្មវិធីបិទសិក្ខាសាលាលើកទី៤ នៃសិក្ខាសាលាជាស៊េរីស្តីពី «ការណែនាំពីសំណាក់រៀមច្បងលើដំណើរការសំណេរថ្នាក់បណ្ឌិត និងសំណេរអត្ថបទស្រាវជ្រាវ» នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិដំណាក់ដំរី ឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានការចូលរួមពីបញ្ញវន្តរៀមច្បងជាវាគ្មិន បេក្ខជនបណ្ឌិត និងអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានានៅកម្ពុជា។
កម្មវិធីបិទនៃសិក្ខាសាលាលើកទី៤នេះ ក៏ជាការបូកសរុបនៃសិក្ខាសាលាជាស៊េរីស្តីពី «ការណែនាំពីសំណាក់រៀមច្បង លើដំណើរការសំណេរថ្នាក់បណ្ឌិត និងសំណេរអត្ថបទស្រាវជ្រាវ» ប្រកបដោយភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។
សិក្ខាសាលាជាស៊េរីនេះ ត្រូវបានផ្តួចផ្តើម និងរៀបចំដោយមហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានរៀបចំសិក្ខាសាលាតម្រង់ទិសចំនួន៤ ក្នុងនោះ លើកទី១ ថ្ងៃទី២៦-២៨ ខែមេសាឆ្នាំ២០២៤ នៅខេត្តកំពត, លើកទី២ ថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ, លើកទី៣ ថ្ងៃ៩-១១ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប, និងលើកទី៤ ថ្ងៃ២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅគីរីរម្យ ខេត្តកំពង់ស្ពឺ។
សិក្ខាសាលាតម្រង់ទិសទាំង៤លើកខាងលើនេះ មានការចូលរួមពីបេក្ខជនបណ្ឌិត និងអ្នកស្រាវជ្រាវចំនួន២០រូប មកពីសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវទូទាំងព្រះរាជាណាចក្រកម្ពុជា រួមជាមួយបញ្ញវន្តរៀមច្បងជាវាគ្មិន ទាំងជនជាតិខ្មែរ និងបរទេស សរុបជាង២០រូបផ្សេងទៀត ដែលបានចែករំលែកលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការរៀបចំសំណេរថ្នាក់បណ្ឌិត និងអត្ថបទស្រាវជ្រាវ ស្របទៅតាមស្តង់ដារអប់រំជាតិ និងអន្តរជាតិ។
ក្នុងនាមជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត និងជាប្រធានគម្រោងសិក្ខាសាលាជាស៊េរីនេះ សាស្រ្តាចារ្យបណ្ឌិត អ៊ុន លាង បានចែករំលែកបន្ថែមថា សិក្ខាសាលាជាស៊េរី ដែលមានសិក្ខាសាលាតម្រង់ទិសចំនួន៤ ហើយធ្វើឡើងចន្លោះពេល៧ខែ នៅខេត្តផ្សេងៗគ្នាចំនួន៤របស់កម្ពុជានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ជាវេទិកាតម្រង់ទិសចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីដំណើរការសំណេរ ថ្នាក់បណ្ឌិត និង អត្ថបទស្រាវជ្រាវពីសំណាក់វាគ្មិនដែលជារៀមច្បង ជាមួយបេក្ខជនបណ្ឌិតកម្ពុជាដែលកំពុងសិក្សានៅតាម សាកលវិទ្យាល័យ នានា និងអ្នកស្រាវជ្រាវមកពីស្ថាប័នស្រាវជ្រាវនានានៅកម្ពុជា។
ជាមួយគ្នានេះ សាស្រ្តាចារ្យបណ្ឌិត អ៊ុន លាង ក៏បានបញ្ជាក់ផងដែរថា គម្រោងសិក្ខាសាលាជាស៊េរីក្នុងឆ្នាំ២០២៤នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម និងបេសកកម្មរយៈពេលវែង ក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរបស់ អ្នកស្រាវជ្រាវខាងផ្នែកសង្គមសាស្រ្ត និងមនុស្សសាស្រ្តនៅកម្ពុជា។
បញ្ញវន្តរៀមច្បងជាវាគ្មិនសំខាន់ៗ ដែលបានចូលរួម និងចែករំលែកនៅក្នុងសិក្ខាសាលាទាំង៤លើកនេះ។
សូមជម្រាបថា គម្រោងសិក្ខាសាលាជាស៊េរីស្តីពី «ការណែនាំពីសំណាក់រៀមច្បងលើដំណើរការសំណេរថ្នាក់បណ្ឌិត និងសំណេរអត្ថបទស្រាវជ្រាវ» ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយមហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការគាំទ្រគ្រប់ទិដ្ឋភាពពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាពិសេសពីសំណាក់លោកសាស្រ្តាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយការគាំទ្របច្ចេកទេស ពីសមាគមសម្រាប់ការសិក្សាអាស៊ី និងការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលស៊ុយអ៊ែត តាមរយៈភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត Sida៕