(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួលចំណេះដឹងលើការងារផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់ App NoDrug។

ថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ធ្វើឡើងក្នុងពិធីបិទ និងប្រគល់វិញញាបនបត្រដល់សិក្ខាកាមជ័យលាភីនៃសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀន ដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ» ក្រោមជំនួយ LOA នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេភូមិ មេឃុំទូទាំងស្រុកកំរៀង។

របាយការណ៍ស្វាគមន៍របស់ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមសម្របសម្រួលរៀបចំបានបង្ហាញឱ្យឃើញថាសិក្ខាសាលានេះ គឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អាជ្ញាធរគ្រប់ថ្នាក់ មេឃុំ មេភូមិទូទាំងស្រុកកំរៀង តាមរយៈការធ្វើតេស្តមុនវគ្គនិងលទ្ធផលក្រោយបញ្ចប់វគ្គក្នុងនោះគឺអ្នកបានយល់ដឹងពីសិក្ខាសាលានេះមានចំនួនរហូតដល់៩៥% ហើយការយល់ដឹងពី App NoDrug គឺមានកើនឡើងដល់៦៣%។

ថ្លែងក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ បានសាទរ និងកោតសរសើរដល់ការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអ្នករៀបចំ វាគ្មិន សិក្ខាកាម ដើម្បីចែករំលែកនិងទទួលចំណេះដឹងសម្រាប់យកទៅប្រើប្រាស់ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្ទាល់នូវមូលដ្ឋានដើម្បីឱ្យគាត់មានលទ្ធភាពចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តដោយឱ្យគ្រប់សមាសភាពទាំងអស់នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង និយាយជារួម និងនិយាយដោយឡែកស្រុកកំរៀង ត្រូវរួមគ្នាធ្វើឱ្យសម្រេចបាននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដែលក្នុងនោះលក្ខណៈសម្បត្តិទី២ គឺត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិហើយលោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានពិសេសភូមិ ឃុំ ត្រូវបង្កើនការងារផ្សព្វផ្សាយអប់រំពិសេសបំផុសឱ្យប្រជាជនប្រើប្រាស់App NoDrug : https://nodrugsnacd.com/downloadដើម្បីរួមគ្នាដោះស្រាយឱ្យខានតែបាននៅបញ្ហាគ្រឿងញៀន «ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀនសហគមន៍មានសុវត្ថិភាពនិងការអភិវឌ្ឍ»៕