(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានគ្រោងដោះដូរដីឡូតិ៍ ទំហ៊ុំ៥x២០ម៉ែត្រស្មើៗគ្នា ជូនប្រជាពលរដ្ឋ ដែលរស់នៅជាប់របងវិទ្យាល័យពោធិ៍សាត់ ចំនួន១០គ្រួសារ ដើម្បីឱ្យពួកគាត់ទៅតាំងលំនៅថ្មីស្របច្បាប់ និងដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សោភណ្ឌភាព អនាម័យ និងបរិស្ថាន នៅជុំវិញរបងវិទ្យាល័យ ឈានទៅប្រឡងប្រណាំងស្តង់ដារសាលារៀនគំរូ និងសេវាសាធារណៈគំរូ នាពេលខាងមុខ។
ទីតាំងដីដែលត្រូវដោះដូរ មានប្លង់កម្មសិទ្ធិស្របច្បាប់នោះ ស្ថិតក្នុងបរិវេណដីឡូតិ៍ ក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
គួរជម្រាបជូនថា វិទ្យាល័យពោធិ៍សាត់ បច្ចុប្បន្នបាននឹងកំពុងធ្វើការរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ បរិស្ថាន របងវិទ្យាល័យឱ្យបានល្អ ដើម្បីចូលរួមប្រឡងប្រណាំងស្តង់ដារសាលារៀនគំរូ និងសេវាសាធារណៈគំរូ នាពេលខាងមុខ។ ការសម្រេចរៀបចំសោភណ្ឌភាពខាងលើ គឺធ្វើឡើងក្នុងអាណត្តិដឹកនាំរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងស្របតាមការប្តេជ្ញាចិត្តរបស់លោក រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលគាំទ្រ និងជ្រើសរើសយកវិទ្យាល័យពោធិ៍សាត់ ធ្វើជាសាលារៀនគម្រូ នៅទូទាំងប្រទេស។
ឆ្លងកាត់ការធ្វើបច្ចុប្បន្នភាព យើងពិនិត្យឃើញថា មានបងប្អូនប្រជាពលរដ្ឋ ចំនួន១០គ្រួសារ បានសង់ផ្ទះ និងសំណង់ផ្សេងៗ នៅជាប់របង នៃវិទ្យាល័យពោធិ៍សាត់ ប៉ែកខាងជើង ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព អនាម័យ បរិស្ថាន របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ។ ត្រង់ចំណុចនេះ ដើម្បីរៀបចំ និងកែលំអទីតាំងខាងលើ ឱ្យធានាបាននូវសោភណ្ឌភាព អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ សូមបងប្អូនប្រជាពលរដ្ឋមានការយោគយល់ និងចូលរួម ដើម្បីមុខមាត់ខេត្តរបស់យើងទាំងអស់គ្នា៕