(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ពីដើមអ្នកជំងឺ រងគ្រោះកាត់ជើង កាត់ដៃ ដោយសារគ្រោះថ្នាក់មីនក្រោយសង្គ្រាម តែបច្ចុប្បន្នគ្រោះថ្នាក់កាត់ដៃ កាត់ជើង ដោយសារតែជំងឺទឹកនោមផ្អែម ដូច្នេះសូមក្រើនរម្លឹកដល់ប្រជាជនយើងទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺទឹកនោមផ្អែម ព្រោះថាជំងឺនេះ ជាប្រភេទជាជំងឺមិនឆ្លងម្យ៉ាង ដែលអាចសម្លាប់មនុស្សជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រីរបស់ខ្លួន ដល់អ្នកជំងឺ នៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានណែនាំដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ពីការថែរក្សា ការពារសុខភាពពីជំងឺទឹកនោមផ្អែម។ ជាពិសេសបើតាមការបញ្ជាក់របស់លោកសាស្ដ្រចារ្យរដ្ឋមន្ដ្រីកន្លងមក ជំងឺទឹកនោមផ្អែម ជាបញ្ហាធំសម្រាប់នៅកម្ពុជា ហើយជាបញ្ហាសុខភាពសាធារណៈដ៏ធំ មិនត្រឹមតែនៅកម្ពុជានោះទេ គឺនៅលើសកលលោក ដូច្នេះយើងត្រូវតែផ្ដោតអារម្មណ៍ទៅការការពារជំងឺទឹកនោមផ្អែមនេះ ហើយជំងឺនេះ ជាជំងឺមិនឆ្លងពីមនុស្សម្នាក់ទៅម្នាក់នោះទេ ដែលយើងអាចការពារបាន តាមរយៈមានរបបអាហារឱ្យបានត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណជាដើម៕