(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានគូសរំលេចថា តាមរយៈជំនួប​រវាង​សម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំចិន ក្នុងដំណើរទស្សនកិច្ចនៅ​ប្រទេសចិន ដែលទើបតែបញ្ចប់ទៅនេះ ថ្នាក់ដឹកនាំចិន បានសន្យាបន្តផ្តល់ជំនួយ​ឥត​សំណង កម្ចីសម្បទាន បង្កើនវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ច​​​ឱ្យកាន់តែខ្លាំងក្លាជាមួយកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានគូសរំលេចថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា រយៈពេល៣ថ្ងៃនៅប្រទេសចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កាខ្ពស់។

ក្នុងដំណើរទស្សនកិច្ចជាថ្មីលើទឹកដីមហាមិត្តចិនរយៈពេល៣ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ហើយក៏មានជំនួបដាច់ដោយឡែក ជាមួយលោក វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់ថា ក្នុងជំនួបទាំងបីខាងលើ សម្តេចតេជោ និងថ្នាក់ដឹកនាំចិន បានសម្តែងការពេញចិត្តចំពោះ វឌ្ឍនភាពនៃ​ទំនាក់​ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដែលកំពុងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ភាគីទាំងពីរយល់ស្របគ្នាអំពីសារៈសំខាន់នៃការបន្តប្រាស្រ័យទាក់ទង យ៉ាងជិតស្និទ្ធ និងការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់គ្រប់ជាន់ថ្នាក់ រវាងថ្នាក់ដឹកនាំគណបក្ស រដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដែល កសាងឡើងដោយថ្នាក់ដឹកនាំជំនាន់មុនៗ។

បន្ថែមពីលើនោះ ភាគីចិនបានបញ្ជាក់ជាថ្មីអំពីការគាំទ្រគណបក្សប្រជាជន
កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍដែល​សមស្របតាមបរិបទរបស់កម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ជាថ្មីផងដែរថា កម្ពុជាប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលនយោបាយ ចិនមួយ ដោយចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងចិន។

ថ្នាក់ដឹកនាំចិនសន្យាបន្តផ្តល់ជំនួយឥតសំណង កម្ចីសម្បទាន បង្កើនវិនិយោគ និងជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំខ្លាំងក្លាជាមួយកម្ពុជា និងបានឯកភាពជាមួយសម្តេចតេជោ ជំរុញការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បី កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ កម្ពុជា និងចិនប្ដេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតលើវិស័យគន្លឹះចំនួន៦ ក្នុងនោះមានគម្រោងដែលបានឯកភាពគ្នា​រួច​ហើយ ដូចជាការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងអង្ករ និងមច្ឆា ការអភិវឌ្ឍកសិកម្មទំនើប ថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុខាភិបាល និងទំនើបកម្មបច្ចេកវិទ្យា។ ក្នុងគោលដៅ ពង្រឹងការតភ្ជាប់រវាង​ប្រជា​ជន និងប្រជាជន ភាគីទាំងពីរនឹងលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធខិតខំបង្កើន ទំនាក់​ទំនងទេសចរណ៍ និងវប្បធម៌ កិច្ចសហប្រតិបត្តិការអប់រំបណ្តុះបណ្តាល និងការផ្លាស់ប្ដូរ គណៈប្រតិភូយុវជន។

ការពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខ ដែលរួមមាន ការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការជួញដូរមនុស្ស និងគ្រឿង​ញៀន និងឧក្រិដ្ឋកម្មឆ្លងដែនឯទៀត ត្រូវបានចាត់ទុកថាជាអាទិភាព​សំខាន់ផង​ដែរ ដើម្បីរក្សាភាពសុខដុម និងសន្តិសុខជាតិន ប្រទេសទាំងពីរ។

សម្តេចតេជោ និងថ្នាក់ដឹកនាំចិនបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីដើម្បីលើកស្ទួយសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក៕