(ភ្នំពេញ)៖ លោក ហេង ណន រដ្ឋលេខាធិការ តំណាងដ៏លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន វីវ៉ាតយូធីន ខនស្រ្តាក់សិន ឯ.ក (Wiwatoyothin Constructiion CO,.Ltd) ដឹកនាំដោយលោក CHAISIT SHINAWATRA ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអគ្គនាយដ្ឋានជំនាញផងដែរ។

ជំនួបពិភាក្សានេះ ធ្វើឡើងនាថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្កានុពលវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។

នាឱកាសនោះលោករដ្ឋលេខាធិការ បានលើកអំពីគម្រោងដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តដែលពាក់ព័ន្ធរួមមាន៖ កំពង់ផែ ព្រែកជីក ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងប៉ោយប៉ែត ជាដើម។

បន្ថែមពីនេះលោកក៏បានផ្តល់ជូនសៀវភៅផែនការមេ គ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលរួមមានគម្រោងទាំងផ្នែករឹង និងទន់ ដោយផែនការមេនេះ​មានសរុបចំនួន ១៧៤គម្រោង និងទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនដើម្បីសិក្សាលម្អិតលើគម្រោងដែលមានសក្តានុពលនៅកម្ពុជា៕