(ភ្នំពេញ)៖ ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសម័យប្រជុំនេះ ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
កិច្ចប្រជុំបានបើកជាផ្លូវការក្រោមអធិបតីភាពលោក Santiago Peña Palacios ប្រធានាធិបតីនៃសាធារណរដ្ឋប៉ារ៉ាហ្គាយ លោកស្រី Adriana Ortiz Semidei រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងលោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។
សូមជម្រាបថា ក្រមា ឬ កន្សែងប្រពៃណីខ្មែរ គឺជាអត្តសញ្ញាណជាតិ និង ជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងជីវិត រស់នៅប្រចាំថ្ងៃ របស់ប្រជាជនខ្មែរ ចាប់តាំងពីកើត រហូតដល់ស្លាប់ ហើយសព្វថ្ងៃនេះក្រមា នៅតែត្រូវបានប្រើប្រាស់ជានិច្ច។ ក្នុងសង្គមខ្មែរ ក្រមាត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ចាប់ពីប្រជាពលរដ្ឋសាមញ្ញ រហូតដល់ថ្នាក់ដឹកនាំកំពូល នៅគ្រប់ពេល នៅក្នុងឱកាសពិសេស និងនៅគ្រប់ទីកន្លែង។
ក្រៅពីការប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិនិងសាសនា, ប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម។
កម្ពុជាធ្លាប់បំបែកឯតទគ្គកម្មក្រមា វែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គួរនាំគ្នាប្រើក្រមា ជំនួសម៉ាស់ ដើម្បីបង្ការជំងឺ Covid-19 ដែលជាការចូលរួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិ និងចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ។
បើតាមលោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានពន្យល់ពីអត្ថន័យនៃសរសៃក្រមា ថា ការត្បាញចូលគ្នាម្តងមួយសរសៃៗ គឺបញ្ជាក់ពីការរួមគ្នានៅក្នុងសង្គមតែមួយ។ ការប្រទាក់ក្រឡាគ្នា ពីមួយសរសៃទៅមួយសរសៃទៀត រហូតដល់យើងអាចប្រើប្រាស់បាននេះ មានគុណតម្លៃធំធេងណាស់ នៅក្នុងអារ្យធម៌ខ្មែរ ក្នុងការផ្សារភ្ជាប់គ្នា។
លោកអះអាងថា បើតាមសិលាចារឹក ការប្រើប្រាស់ក្រមាមានតាំងពីសម័យមុនគ្រិស្តរាជមកម្ល៉េះ ពោលគឺ ២០០ឆ្នាំមុនគ្រិស្តរាជ។ ការប្រើប្រាស់ក្រមានេះ មានក្នុងបែបបទធម្មតាផង និងសាសនាផងដែរ ដោយស្តែងឡើងតាមរយៈការពាក់លម្អក្នុងពិធីនានា និងការពាក់ពានារបស់យាយៗ ពេលទៅបុណ្យនិងវត្តអារាមនានា។
គួរជម្រាបថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូមក កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤ និងសម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៦ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា៕