(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ គឺជាខួបលើកទី២៦ឆ្នាំ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤) នៃទិវានយោបាយឈ្នឈ្នះ នៃការអនុវត្តប្រកបដោយជោគជ័យ និងពេញលេញនូវនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយវិមានឈ្នះឈ្នះ ដែលជាសំណង់ស្ថាបត្យកម្មជាសក្ខីភាពឱ្យកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យនៃការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ឈានទៅបិទបញ្ចប់សង្គ្រាមស៉ីវិលទាំងស្រុង។

ក្រោយពីសំណង់ប្រវត្តិសាស្រ្តមួយនេះត្រូវបានសាងសង់ឡើងទើបតែបានជិត៦ឆ្នាំតែប៉ុណ្ណោះ មានប្រជាជន ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោកបានមកទស្សនាជាហូរហែរ។

ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ បានឱ្យដឹងថា វិមានឈ្នះឈ្នះ បានក្លាយទៅជាមជ្ឈមណ្ឌលដែលសម្រេចបាននូវគោលបំណងទាំង៥ ដែលបានដាក់ចុះយ៉ាងសន្ធោសន្ធៅដែលយើងបានឃើញការអញ្ជើញមកទស្សនកិច្ចសិក្សា កម្មសិក្សាស្រាវជ្រាវ ការផ្តល់នូវតម្លៃ ការស្វែងយល់នានាមានន័យថាចក្ខុវិស័យដែលបានដាក់ចូលពិតជាត្រឹមត្រូវ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា ទន្ទឹមនឹងមានការយល់ដឹងពីគុណតម្លៃរបស់វិមានឈ្នះឈ្នះ ក៏មានមនុស្សចំនួនតូចមិនយល់ ប៉ុន្តែ ធ្វើយល់ក្នុងផ្លូវមួយទៀតថា «វិមានឈ្នះឈ្នះនេះ គឺជាសំណង់ដែលបញ្ជាក់អំពីសម្តេចតេជោ ដែលបញ្ជាក់អំពីអត្ថន័យផ្សេងៗ ខុសពីអ្វីដែលមានអត្ថន័យជាក់លាក់អំពីអត្តសញ្ញាណនៅទីនេះ» (វិមានឈ្នះឈ្នះ)។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្ថែមថា៖ «ការយល់ឃើញគ្មានមូលដ្ឋានប្រាកប្រជា គឺមិនយូរអង្វែងនោះទេ អ្វីដែលយើងទទួលបាននៅពេលនេះវិមានឈ្នះឈ្នះ គ្រាន់តែក្នុង១ឆ្នាំថ្មីនេះ (២០២៤) យើងបានទទួលអ្នក​មកទស្សនាជិត៣០ម៉ឺននាក់ នៅក្នុងរយៈពេលជិត១ឆ្នាំនេះ»។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឱ្យដឹងថា​ ការកត់សម្គាល់ដ៏ធំគឺប្រតិភូដែលអញ្ជើញមកទស្សនា ក្រៅពីប្រជាជន ក្រៅពីអ្នកសិក្សាស្រាវជ្រាវស្វែងយល់ គឺមានថ្នាក់ដឹកនាំរបស់ប្រទេសនានាដែលបានអញ្ជើញមកទស្សនាជាផ្លូវការនៅវិមានឈ្នះឈ្នះ ដោយបានសិក្សាស្វែងយល់ពីនយោបាយឈ្នះឈ្នះ និងតឹកតាងនៅវិមានឈ្នះឈ្នះតែម្តង។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់ថា អត្ថន័យ និងគុណតម្លៃនៃសន្តិភាព ដែលបានមកដោយនយោបាយឈ្នះឈ្នះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ បន្ថែមពីគុណតម្លៃរបស់នយោបាយឈ្នះឈ្នះ ដែលគួរឱ្យកត់សម្គាល់នោះ គឺសំលេងសន្តិភាពនៃកម្ពុជា ជាមួយនឹងនយោបាយឈ្នះឈ្នះ បានផ្តល់នូវការអភិវឌ្ឍ បានផ្តល់នូវយុទ្ធសាស្ត្រថ្មីទៀត សម្រាប់ការបន្តការពារសន្តិភាពឱ្យនៅគង់វង្សជានិរន្តរ៍បន្តទៀតនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងថា អត្ថន័យនៃវិមានឈ្នះឈ្នះ បានលេចត្រដែត ជាមួយនឹងអត្ថន័យនៃសន្តិភាព ហើយអត្ថន័យសំខាន់បំផុត គឺការការពារសន្តិភាព ២៥ឆ្នាំ ឈានចូល២៦ឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណុចនេះបានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំនៅតាមបណ្តាប្រទេសនានាដែលជួបប្រទះនូវសង្គ្រាម ព្រមទាំងប្រទេសដែលកំពុងតែប្រឈមជាមួយនឹងហានិភ័យនៃទំនាស់ផ្ទៃក្នុង ដើម្បីមកសិក្សាស្វែងយល់បន្ថែមទៀតនៅវិមានឈ្នះឈ្នះ។

វិមានឈ្នះឈ្នះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ សិស្សានុសិស្ស និងប្រជាពល រដ្ឋ យ៉ាងច្រើនកុះករ។

វិមានឈ្នះឈ្នះសង់ដើម្បីជានិមិត្តរូបនៃសន្តិភាពនៅលើទឹកដីដ៏បវរនៃយើង ហើយឱ្យសន្តិភាពនេះបន្តនៅរៀងរហូត ដើម្បីធានានូវការអភិវឌ្ឍប្រទេសជាតិរបស់យើង។ វិមានឈ្នះឈ្នះនេះមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណានោះទេ ប៉ុន្តែសម្រាប់កត់ត្រាទុកជាសក្ខីភាព ជាតឹកតាងសម្រាប់កូនខ្មែរទាំងអស់ និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់បានឃើញនូវដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជា។

បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧នេះ បានដាក់ចេញគោលដៅពង្រឹង និងរក្សាសន្តិភាពទៅតាមទស្សន វិជ្ជា ឈ្នះឈ្នះ ជាមរតកដែលបានបន្សល់ទុក ហើយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានចក្ខុវិស័យដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព។ ជាមួយគ្នានេះក្នុងបរិបទសម័យទំនើបទាមទារឱ្យមានការរួមចំណែកពីបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍប្រទេសជាតិ បូករួមជាមួយកម្លាំងចលករ សកម្មរបស់យុវជនកម្ពុជា និងភាពចាំបាច់កំណត់ការងារអាទិភាពមួយផ្នែកលើបច្ចេកទេសឌីជីថល រួមជាមួយកិច្ចការបន្តរក្សានូវសុខសន្តិភាពសម្រាប់ប្រជាជន ប្រកបដោយភាពកត្តញ្ញូ សុខដុម និងការចូលរួម បង្កើនការងាររក្សាតម្លាភាពសម្រាប់សង្គម ដែលបន្តនាំកម្ពុជាឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងធំទូលាយ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ ព្រមទាំងការចូលរួ ម យ៉ាងសកម្មពីប្រតិបត្តិករក្នុងស្មារតីអនុវត្តប្រកបដោយភាពជឿជាក់ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់តម្លៃខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមកហើយ៕