(បាត់ដំបង)៖ លោក អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ តំណាងលោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី «ការផ្តល់ធាតុចូល និង កែសម្រួលសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM)» ដោយមានការចូលរួមពីសិក្ខាកាម សរុបប្រមាណជា ១០០នាក់។
នាឱកាសនោះ លោក អ៊ុក សុខា បានឲ្យដឹងថា ស្ថិតក្នុងដំណាក់កាលទី៤ ការអនុវត្តការងារប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ជាមួយនឹងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យបន្តបេសកម្មដ៏ឧត្តុង្គឧត្តម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍ ជំរុញការងារកែទម្រង់ និងបន្តពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំធន់នឹងវិបត្តិ ព្រមទាំងទ្រទ្រង់ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។
ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំនូវសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងផ្តល់នូវគោលនយោបាយ និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីឱ្យការគ្រប់គ្រងចំណូល ចំណាយថវិការដ្ឋ និងការគ្រប់គ្រង
ទ្រព្យសម្បត្តិរដ្ឋមានប្រសិទ្ធភាព តម្លាភាព និងប្រសិទ្ធផល។ សេចក្តីព្រាងគោលការណ៍ណែនាំនេះ ជួយផ្តល់នូវរបាយការណ៍ហិរញ្ញវត្ថុទាន់ពេលវេលា និងអាចជឿទុកចិត្តបានពីប្រព័ន្ធគណនេយ្យព្រមទាំងបានអនុវត្តចំពោះភ្នាក់ងារដែលពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពផ្សេងៗ ដែលស្ថិតនៅក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
សូមបញ្ជាក់ថាសិក្ខាសាលានេះ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២៤ រៀបចំដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន អ.គ.ហ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារ ស្ទឹងសង្កែ ខេត្តបាត់ដំបង៕