(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងនឹងខិតខំប្រឹងប្រែងធានាការអនុវត្តនូវអំណាចទី៤ ដែលជាអំណាចសេរីភាព សារព័ត៌មាន ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ សង្គមជាតិចូលរួមយ៉ាងសកម្មជាមួយនឹងក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធនានា ក្នុងការចូលរួមលុបបំបាត់វិសមភាពយេនឌ័រ និងអំពើហិង្សាលើស្ត្រី ក្មេងស្រី នៅក្នុងសង្គម ក៏ដូចជានៅក្នុងវិស័យសារព័ត៌មាន ដើម្បីធានឱ្យបានថាស្ត្រី និងក្មេងស្រីនឹងទទួលបានអត្ថប្រយោជន៍ពេញលេញ និងស្មើភាពគ្នាដូចបុរសដែរ។
ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញថ្លែងសន្ទរកថា រៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំនៅក្នុងផ្នែកការផ្សព្វផ្សាយ ក៏យើងខ្ញុំខិតខំប្រឹងប្រែងដើម្បីធ្វើការងារនេះបន្ថែមទៀត ដើម្បីឱ្យការផ្សព្វផ្សាយ គឺគោរពទៅលើអ្វីដែលជាសមភាពយេនឌ័រ លើកស្ទួយសិទ្ធិស្ត្រី តម្លៃស្ត្រី ហើយនឹងធ្វើឱ្យមានសុខដុមនីយកម្ម នៅក្នុងសង្គមរបស់យើង ហើយជាពិសេសការកាត់បន្ថយនូវរូបភាពហិង្សា អវិជ្ជមានដែលធ្វើឱ្យប៉ះពាល់ទៅដល់តម្លៃស្ត្រី»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីស្ត្រីនៅក្នុងវិស័យសារព័ត៌មាន ហើយបង្កលក្ខណៈសមរម្យ និងអំណោយផលដល់ស្ត្រីនៅក្នុងការងារសារព័ត៌មាន។
លោកដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន មានឥទ្ធិពលក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រី ជាមួយគ្នានេះសិទ្ធិ សំលេង និងតម្រូវការរបស់ស្ត្រី និងក្មេងស្រី ក៏បានផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ គ្រប់ជ្រុងជ្រោយ បង្កភាពងាយស្រួលក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃពួកគេថែមទៀត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការផ្សព្វផ្សាយព័ត៌មាន និងបង្កើតមាតិកាពាក់ព័ន្ធនឹងស្រ្តី និងក្មេងស្រី ជាពិសេសក្រសួងក៏បានខិតខំពាំនាំយកសំឡេងស្ត្រី និងក្មេងស្រីទៅកាន់សង្គមជាតិ និងពិភពលោកផងដែរ ដើម្បីជាធាតុចូលដល់អ្នកតាក់តែងគោលនយោបាលដល់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីរៀបចំឱ្យត្រូវគោលដៅតាមអ្វីដែលស្ត្រី និងក្មេងស្រីចង់បាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា មើលឃើញថា បច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានជះឥទ្ធិពលខ្លាំងណាស់ចំពោះទស្សនៈ និងការយល់ឃើញពីតួនាទីរបស់ស្ត្រី និងក្មេងស្រីក្នុងសង្គម ហើយក៏មានឥទ្ធិលក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាននានាដល់ពួកគេផងដែរ។ មូួយវិញទៀត លោករដ្ឋមន្ត្រី យល់ថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ក៏រួមចំណែកកសាងបណ្តាញកម្លាំងស្ត្រីកាន់តែរឹងមាំអាចឱ្យពួកគេពិភាក្សា និងជួយគ្នាទៅវិញទៅមកបាន។ បន្ថែមពីនេះ ក៏ជួយឱ្យពួកគេចៀសផុតពីភាពងាយរងគ្រោះដោយអំពើហិង្សា ការឆបោក និងការបៀតបៀនគ្រប់រូបភាពទាំងអស់។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ដើម្បីជាការធានាឱ្យបានថាប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន រួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រមានប្រសិទ្ធភាព ក្រសួងបាននិងកំពុងជំរុញនូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានកាន់តែល្អប្រសើរ ដោយណែនាំឱ្យអង្គភាពស្ថាប័នសារព័ត៌មានទាំងអស់ ផ្សាយព័ត៌មានពិត មិនបំពុលសង្គម និងមានប្រយោជន៍ដល់សង្គមជាតិប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន។
លោស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានស្នើឱ្យភាគីពាក់ព័ន្ធ រួមគ្នាបញ្ជ្រាបការយល់ដឹងពីតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជំរុញការរាយការណ៍ ព័ត៌មានអំពើហិង្សាលើស្ត្រី និងជនងាយរងគ្រោះប្រកបដោយវិជ្ជាជីវៈ។ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីក្រុមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មាន អំពើហិង្សាលើស្ត្រី និងគោលការណ៍ណែនាំស្តីពីសុវត្ថិភាពរំញោចយេនឌ័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយចម្រុះ សមភាព និងបរិយាបន្ន និងបង្កើតបរិយាកាសពិភាក្សា កំណត់អត្តសញ្ញាណ ការអនុវត្តល្អ និងចែករំលែកអនុសាសន៍ជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធ។
លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានបញ្ជាក់ថា ការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់និងមិនអាចខ្វះបាន ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងសុវត្ថិភាព លើប្រព័ន្ធអ៉ីនធឺណិតសម្រាប់ស្ត្រី និងក្មេងស្រី។
សូមជម្រាបថា វេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» មានគោលបំណងសំខាន់ៗ៣។ គោលបំណងទី១៖ លើកកម្ពស់ការយល់ដឹងពីតួនាទៅភាគីពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជំរុញការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្ត្រី និងជនងាយរងគ្រោះប្រកបដោយវិជ្ជាជីវៈ, ទី២៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្ត្រី និងគោលការណ៍ណែនាំពីសុវត្ថិភាបរំញោចយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយចម្រុះ សមភាព និងបរិយាបន្ន និងទី៣៖ បង្កើតបរិយាកាសពិភាក្សា កំណត់អត្តសញ្ញាណ ការអនុវត្តល្អ និងចែករំលែកអនុសាសន៍ជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងក្របខ័ណ្ឌគតិយុទ្ធពាក់ព័ន្ធ៕