(ភ្នំពេញ)៖ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។
លោកនាយករដ្ឋមន្រ្តីឡាវ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបានចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង, អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរនៅវិមានឯករាជ្យ, ទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកបានជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ផងដែរ។
នៅក្នុងជំនួបទ្វេភាគី, នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។ នាយករដ្ឋមន្ត្រីទាំងពីរ ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ បន្ថែមពីនេះ ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីទាំងពីរ កម្ពុជា-ឡាវ ក៏បានចុះហត្ថលេខាលើឯកសារចំនួន៣ផងដែរ ក្នុងនោះរួមមាន៖
១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
២៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម។
៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២៥-២០២៧។
ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា ចាត់ទុកជាការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ តាំងពីឆ្នាំ២០១៩៕