(សៀមរាប)៖ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា កម្លាំងនគរបាលរប​ស់លោកបានស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ ក្រោយបាញ់ប្រហារអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា លោក ឈឿង ឈឹង អ្នកសារព័ត៌មានរបស់អង្គភាព «កម្ពុជាអភិវឌ្ឍន៍» បានរបួសធ្ងន់ ក្រោយមានជនដៃដល់លួចបាញ់ប្រហារ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននៃអំពើឃាតកម្មនេះ លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់នៅរសៀលថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០២៤នេះ។ ជនដៃដល់ឈ្មោះ ស៊ី លឿយ អាយុ៤០ឆ្នាំ ទីលំនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត​សៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា ជនដៃដល់រូបនេះបានប្រើកាំភ្លើងកែច្នៃ ដើម្បីបាញ់ជនរងគ្រោះ។ បើតាមលោកស្នងការ, ករណីបាញ់ប្រហារនេះកើតឡើងដោយសាររឿងទំនាស់បុគ្គល មិនពាក់ព័ន្ធនឹងរឿងនយោបាយអ្វីផ្សេងនោះឡើយ។

នៅពេលនេះ ជនដៃដល់ត្រូវបានកម្លាំងនគរបាល នាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំបន្តចាត់វិធានការតាមច្បាប់៕