(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក វិន វណ្ណាវឌ្ឍន៍ ត្រូវបានចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសលោក ចៅ វ៉ិត ប្រធានមន្ទីរចាស់ដែលចូលនិវត្តន៍។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ប្រែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធផងដែរ។
លោក អ៊ុំ រាត្រី បានដាស់តឿនលោក វិន វណ្ណាវឌ្ឍន៍ ដែលទទួលភារកិច្ចថ្មី ត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឲ្យបានទាន់ពេលវេលា។ ត្រូវយកចិត្តទុកដាក់ក្នុងការងារ ផ្តល់សេវាឲ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលាសាកសមជាមន្រ្តីផ្តល់សេវាល្អ បម្រើប្រជាពលរដ្ឋ។
ត្រូវខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល ត្រូវគោរពឋានានុក្រមការងារឲ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឲ្យបាននូវអភិក្រមទាំង៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
លោក ឯក វណ្ណឌី បានអបអរសាទរចំពោះលោក វិន វណ្ណាវឌ្ឍន៍ ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត នឹងត្រូវខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត។
លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហានានា ជូនដល់ប្រជាពលរដ្ឋកន្លងមក និងការបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូន បានយ៉ាងល្អ ហើយដែលបានធ្វើឲ្យខេត្តបន្ទាយមានជ័យ ទទួលបានការរីកចំរើនគួរជាទីមោទនមកដល់ពេលនេះ៕