(ភ្នំពេញ)៖ លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងកំពុងខិតខំរៀបចំធ្វើយ៉ាងណាដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ឱ្យបានខ្ពស់ ក្នុងដំណាក់កាលនីមួយៗ ខណៈដែលពន្ធអាករពិសេសលើផលិតផលថ្នាំជក់នៅកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសឡាវ ក្នុងចំណោមប្រទេសដែលយកពន្ធលើបារីទាប បើប្រៀបធៀបបណ្ដាប្រទេសអាស៊ាន។
លោក វ៉ាន់ ពុទ្ធិពល បានលើកឡើងយ៉ាងដូចនេះនាឱកាសអញ្ជើញជាវាគ្មិនក្នុងវេទិកាយុវជន ស្ដីពីអាករពិសេសលើថ្នាំជក់ ដែលបានធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលវេទិកានេះបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងដោយមានការចូលរួមពីលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោកវេជ្ជ មុំ គង់ យកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) រួមទាំងមានក្រុម សសយក ជាច្រើនទៀត។
លោក វ៉ាន់ ពុទ្ធិពល បានបន្ថែមថា រាជរដ្ឋាភិបាល នឹងដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ឱ្យបានខ្ពស់ បើទោះជាមានការស្នើសុំពីក្រុមហ៊ុនមិនឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ក៏ដោយ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យនៅកម្រិតទាប និងបង្កើនថវិកាជាតិ។ ការគ្រោងដំឡើងអាករពិសេសនេះ ក៏មានការរឹតបណ្ដឹងលើការគ្រប់គ្រងសន្លឹកថែម ដើម្បីធានាឱ្យការផលិត និងបង់ពន្ធមានភាពត្រឹមត្រូវ សម្រាប់ទប់ស្កាត់ការនាំចូលផលិតផលក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះលោកស្រីបណ្ឌិត ADA MOADSIRI, Acting NHL Team Lead តំណាងអង្គការសុខភាពពិភពលោក បានច្រានចោលការអះអាងរបស់ឧស្សាហកម្មថ្នាំជក់ ដោយបានបញ្ជាក់ថា ការគេចពន្ធបារី គ្មានទំនាក់ទំនងទៅនឹងការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ទេ។ ការគេចពន្ធបារី ក៏អាចកើនឡើងទោះបីជាបារីមានអត្រាពន្ធទាបក៏ដោយ។ ការសិក្សានៅប្រទេសម៉ុងហ្គោលី និងប្រទេសហ្វីលីពីន បានបញ្ជាក់ច្បាស់ថា មិនមានភស្តុតាងនៃការគេចពន្ធបារី នៅពេលប្រទេសទាំងពីរបានដំឡើងអាករពិសេសលើផលិតផលបារីយ៉ាងខ្ពស់។
ជាមួយនោះ លោកស្រីបណ្ឌិត HANA ROSS អ្នកជំនាញ Health Tax Expert បានមានប្រសាសន៍ថា ការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ មិនប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការជំរុញកំណើនសេដ្ឋកិច្ចទេ ផ្ទុយទៅវិញ វាជួយកាត់បន្ថយបន្ទុកសង្គម និងសង្គ្រោះប្រជាពលរដ្ឋរាប់លាននាក់ក្នុងមួយឆ្នាំៗ។
នាឱកាសនោះដែរ ក្រុមយុវជន ស.ស.យ.ក ក៏បានប្រកាសគាំទ្រការដំឡើងអាករពិសេសថ្នាំជក់ ខណៈអាករពិសេសមានលក្ខណ:ខុសពីពន្ធធម្មតា ព្រោះអាករពិសេសដាក់បន្ទុកតែលើផលិតផលដែលប៉ះពាល់ខ្លាំងដល់សុខភាព បរិស្ថាន សេដ្ឋកិច្ច និងសង្គម ដូចជាផលិតផលថ្នាំជក់ ដែលផលិតផលនេះបានធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ ១៥ ០០០នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ថវិកា ៦៤៩ លានដុល្លារអាមេរិក នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ៕