(ភ្នំពេញ)៖ ដំណើរបេសកកម្មរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជួយជំរុញកៀរគរវិនិយោគិន និងទេសចរចិនពីតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតំបន់ជុំវិញដែលជាទីផ្សារដ៏មានសក្តានុពលមកកម្ពុជាបន្ថែម។

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីការចូលរួមកម្មវិធី «GX Foundation Khmer Cuisine Charity Dinner» តំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍។

ដំណើរបេសកកម្មទៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន របស់លោករដ្ឋមន្ត្រីបានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីកត់សម្គាល់ ដោយមានអ្នកចូលរួមពីវិស័យរដ្ឋ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយចិន ជាពិសេសប្រតិបត្តិករទេសចរណ៍សំខាន់ៗនៅតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ។

ជាមួយគ្នានេះ តាមរយៈកម្មវិធីសប្បុរសធម៌នេះ អង្គពិធីបានយល់កាន់តែច្បាស់អំពីសភាពការណ៍ពិត កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរនៅកម្ពុជា ព្រមទាំងកាលានុវត្តភាពនិងបរិយាកាសអនុគ្រោះនៃការវិនិយោគនៅកម្ពុជា ព្រមទាំងសក្តានុពលទេសចរណ៍កម្ពុជា ដែលនឹងជួយជំរុញកៀរគរវិនិយោគិន និងទេសចរចិនពីតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតំបន់ជុំវិញដែលជាទីផ្សារដ៏មានសក្តានុពលមកកម្ពុជាបន្ថែម៕