(ស្ទឹងត្រែង)៖ អំពូលសូឡាបំភ្លឺចំនួន២៩៣បន្ទះ ពីសប្បុរសជននានា ត្រូវបានគណៈប្រិភូដឹកនាំដោយលោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងនិងវិចិត្រសិល្បៈ និងលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាំយកទៅចែកជូន ដល់ក្រុមគ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាលឈរជើងតាមខ្សែបន្ទាត់ព្រំដែលកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានវត្តមានវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង សិល្បករ សិល្បការនី សប្បុរសជន អាជ្ញាធរស្រុក និងបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន។
លោក ទិត ថាវរិទ្ធ បានមានប្រសាសន៍ថា បន្ទាប់ពីបានដឹកនាំសិល្បករមួយក្រុមចុះទស្សនកិច្ចបណ្ដារខេត្តភូមិភាគឦសាន្តកាលពីចុងខែកញ្ញាកន្លងមក លោកធ្លាប់បានមកដល់តំបន់នេះ និងចាប់អារម្មណ៍ឃើញការរស់នៅរបស់ប្រជាជននៅទីនេះ មានការលំបាកជាខ្លាំងជាមួយនឹងជីវភាពរស់នៅក្នុងភូមិប្របបន្ទាត់ព្រំដែនក្នុងព្រៃ ហើយឆ្ងាយពីទីប្រជុំជន គ្មានផ្សារ គ្មានទឹក គ្មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ។
លោកបានឃើញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានខិតខំកសាងផ្លូវស្របតាមបណ្តោយព្រំដែនរាប់រយគីឡូម៉ែត្រ ដោយបានរៀបចំភូមិករ ផ្ទះសម្បែងជូនដល់គ្រួសារកងទ័ព ដែលកំពុងមានភារកិច្ចការពារព្រំប្រទល់ខណ្ឌសីមានៃប្រទេស មិនថាឡើយក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងនេះទេ គឺបណ្តាខេត្តទាំងអស់ដែលជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ និងថៃ ។
ដើម្បីការលើកទឹកចិត្ត និងការកោតសរសើរអំពីការតស៊ូលះបង់របស់បងប្អូនដែលរស់នៅទីនេះ ទោះដើម្បីជីវភាពក៏ជាផ្នែកមួយរួមចំណែកជាបង្គោលព្រំដែនក្នុងការការពារជាតិ ទេីបលោកជាមួយក្រុមការងារក៏បានសហការគ្នាអំពាវនាវ មិត្តភក្តិស្វែងរកនូវមូលនិធិជាអំពូលសូឡាដើម្បីផ្គត់ផ្គង់នូវតំរូវការចាំបាច់ និងបន្ទាន់សំរាប់ជួយសំរួលការរស់នៅរបស់ពួកគាត់។ ជាលទ្ធផលក្រុមការងារទទួលបានថវិកាដេីម្បីទិញបន្ទះសូឡាចំនួន ២៩៣បន្ទះ ហេីយដឹកនាំយកមកប្រគល់ដល់ទីតាំងនៅថ្ងៃនេះតែម្តង ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា បង្គោល និងអំពូលសូឡាដែលបានចែកជូនដល់គ្រួសារកងទ័ព និងកម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែនស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សប្បុរសជនតាមរយៈលោក ទិត ថាវរិទ្ធ និងលោកស្រី ឡុង ភិរម្យ និងបងប្អូនសិល្បករ សិល្បការនី។
លោកអភិបាលខេត្តស្ទឹងត្រែងបានបន្តថាការជូនអំពូលសូឡារបំភ្លឺនេះគឺជាការរួមចំណែកបំពេញភាពខ្វះខាតរបស់បងប្អូនកងកម្លាំង ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយទង្វើក្នុងការរួមចំណែករបស់ងប្អូនសប្បុរជននាពេលនេះក៏បានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តស្នេហាជាតិមាតុភូមិកម្ពុជា ។
លោក សរ សុពុត្រា បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិបានគិតគូបំផុតពីសុខទុក្ខបងប្អូនកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន ការពារបូរណភាព និងអធិបតេយ្យភាពជាតិ ជាក់ស្តែងរាជរដ្ឋាភិបាលកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយខ្សែបន្ទាត់ព្រំដែន សង់លំនៅឋានឲ្យកងទ័ពនិងបានឲ្យក្រុមគ្រួសារបងប្អូនកងទ័ពបានរស់នៅជួបជុំក្រុមគ្រួសារផងដែរ។
គួបញ្ជាក់ផងដែរថា បង្គោលនិងផ្ទាំងអំពូលសូឡាចំនួន២៩៣ របស់សប្បុរសជនដែលបានចែកជូន ដល់ក្រុមគ្រួសារបងប្អូនដែលជាយុទ្ធជន អតីតយុទ្ធជន និងនគរបាលឈរជើងតាមខ្សែបន្ទាត់ព្រំដែលកម្ពុជា-ឡាវនាពេលនេះ ជាការចែកជូនក្នុងដំណាក់កាលទី១ ព្រមទាំងនិងធ្វើការចែកជូនជាបន្តបន្ទាប់ទៀតដល់ក្រុមគ្រួសារយោធិន តាមបណ្តាយព្រំដែនចាប់ពីភូមិសាស្ត្រស្រុកបុរីអូស្វាយសែនជ័យរហូតដល់ភូមិសាស្ត្រស្រុកសៀមប៉ាងឲ្យបានគ្រប់ចំនួន៩៩៩ផ្ទាំង។ ចំពោះសប្បុរសជនដែលបានឧបត្ថម្ភអំពូលសូឡាមានរាយនាមដូចខាងក្រោម៖
១៖ លោក វ៉ា សុធា ម្ចាស់ស្ថានីយទូរទស្សន៍ Town tv និង លោកជំទាវ ឧបត្ថម្ភចំនួន ៣៧បន្ទះ។
២៖ លោក ឡោក ចន្តារ៉ា និងលោកស្រី នួន មុន្នីរត្ន័ ចំនួន ២០ បន្ទះ
៣៖ កុមារា សិដ្ធ មុនីវង្ស ១០ បន្ទះ
៤៖ កុមារី សិដ្ធ សុនីតា ១០ បន្ទះ
៥៖ លោក ឡាយ ព្រហស្ថ លោកជំទាវ ប៉ែន វក្ខានីត សឡា និង ជើង ចំនួន ៥០ ឈុត
៦៖ លោកស្រី ហឹង រីណា និងស្វាមីចំនួន ១០បន្ទះ
៧៖ ឧកញ៉ា លឹម ស្រួយ និងលោកជំទាវ អេង លីគង់ ចំនួន ៨បន្ទះ
៨៖ លោកស្រី ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងស្វាមុី ចំនួន ១០ បន្ទះ
៩៖ អ្នកម្នាង ម៉ែន ចន្ទទេវី ចំនួន ២បន្ទះ
១០៖ លោកស្រី ឡាយ កន្និកា និងស្វាមីម្ចាស់ Clinic Smile ចំនួន ៧បន្ទះ
១១៖ លោកស្រី មាស ចន្ទដាលីន អគ្គនាយកក្រុមហ៊ុនឡាកាម៉ូ និងបុត្រាបុត្រី ព្រមទាំងបុគ្គលិកចំនូន ១០បន្ទះ
១២៖ លោកស្រី ឌី សារ៉ុន ចំនួន៣បន្ទះ
១៣៖ លោក រឿន សុធី និង ភរិយា ចំនួន ៧បន្ទះ
១៤៖ លោក ប្រាក់ វិទ្ធី ប្រធាននាយកដ្ឋាន ក្រសួងទេសចរណ៍ និង ភរិយា ចំនួន ៤បន្ទះ
១៥៖ លោកស្រី រិនបុផ្ផា ( ពីយ៉ា) ចំនួន ៥ បន្ទះ
១៦៖ ក្រុមហ៊ុន Vattanac Brewery ចំនួន ១០០ បន្ទះ
១៧៖ កញ្ញ៉ា យូរី តារាសម្តែង ចំនួន ២បន្ទះ
១៨៖ លោក ខេន តារាសម្តែង ចំនួន ១ បន្ទះ៕