(ភ្នំពេញ)៖ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការកសាងផែនការយុទ្ធសាស្រ្តផែនការសកម្មភាព និងកម្មវិធីការងារ»

ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងលោកឧត្តមសេនីយ៍ឯកបណ្ឌិត អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ដែលទទួលខុសត្រូវលើការងាររៀបចំកសាងផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងកម្មវិធីការងារ ចំណុះនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសអនុវត្តប្រកបដោយភាពច្បាស់លាស់ អាចកំណត់អំពីហេតុការណ៍ សក្តានុពលនៃបរិយាកាសខាងក្នុង និងបរិយាកាសខាងក្រៅ ដើម្បីភាពងាយស្រួលក្នុងការកំណត់យុទ្ធសាស្រ្តរបស់ខ្លួន អាចត្រួតពិនិត្យវាយតម្លៃយុទ្ធសាស្រ្តទាំងនោះឆ្លុះបញ្ចំងទៅនឹងសកម្មភាពជាក់ស្តែង សំដៅពង្រឹងសកម្មភាពប្រតិបត្តិការអង្គភាពរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

ក្នុងនាមតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា បានធ្វើការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ លោកឧត្តមសេនីយ៍ឯកបណ្ឌិត អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកចែករំលែកបទពិសោធន៍ និងចំណេះដឹង ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ លើការកសាងផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងកម្មវិធីការងារ។

លោកឧត្តមសេនីយ៍ឯក ប៊ុន ដា បានបង្ហាញនូវក្ដីជឿជាក់ថា ការបង្កើនសមត្ថភាពក្នុងការរៀបចំផែនការ និងទទួលចំណេះដឹង បទពិសោធន៍បន្ថែមទៀតសម្រាប់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិចំណុះនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ទាំងអស់ ដែលពាក់ព័ន្ធក្នុងការកសាងផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងកម្មវិធីការងារ ជាពិសេសលើការងាររៀបចំការកសាងផែនការសកម្មភាព និងកម្មវិធីការងារ ជូនអង្គភាព គឺដើម្បីជាការឆ្លើយតបទៅនឹងការងារអនុវត្តស្របទៅតាមផែនការយុទ្ធសាស្រ្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាមួយគ្នានេះ ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលខាងលើនេះ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា បានស្នើឲ្យអ្នកដែលទទួលបានការបណ្តុះបណ្តាល ត្រូវចែករំលែកបន្ដទៅអ្នកពាក់ព័ន្ធនៅក្នុងអង្គភាពនីមួយៗ ក្នុងគោលបំណងពង្រឹងសមត្ថភាពក្នុងការបំពេញភារកិច្ចលើការតាមដាន និងការអនុវត្តន៍ ស្របតាមផែនការសកម្មភាពរបស់ខ្លួនដែលបានដាក់ចុះ៕