(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នៃពានរង្វាន់ AFF Women’s Cup 2024 នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចមានខ្លឹមសារដូច្នេះថា «សូមកោតសរសើរ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យើង នៃពានរង្វាន់ AFF Women’s Cup 2024។
លទ្ធផលនេះ គឺបានបង្ហាញពីការខិតខំប្រឹងប្រែង ទាំងពីកីឡាការនីផ្ទាល់ គ្រូបង្វឹក និងក្រុមការងារទាំងអស់ ពិសេសរួមទាំងអ្នកគាំទ្រ បានរួមគ្នាធ្វើការប្រកួត គាំទ្រការប្រកួត និងជំរុញឱ្យយេីងទទួលបានលទ្ធផលវិជ្ជមាននាពេលនេះ។
សូមជូនពរកីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងអស់ទទួលបានសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់មកមាតុភូមិ ហើយនឹងទទួលបានជោគជ័យសម្រាប់ការប្រកួតនៅពេលខាងមុខ។ New Laos National Stadium ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២៤»។
សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានត្រឹមជើងឯករង នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Women’s Cup 2024) ក្រោយរងបរាជ័យ ៣-១ ទល់នឹងក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិឡាវថ្មី នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។
ទោះបីទទួលបានត្រឹមជើងឯករងក៏ពិតមែន តែនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រមួយ សម្រាប់វិស័យបាល់ទាត់កម្ពុជា ពិសេសក្រុមបាល់ទាត់នារីកម្ពុជា ដែលបានបង្ហាញវត្តមានក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតំបន់រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ។
រីឯក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បានគ្រងជើងឯក AFF Women’s Cup 2024 ស្របពេលសិង្ហបុរី បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះទីម័រខាងកើត ១-០ ។
ការណ៍នេះ ឥណ្ឌូនេស៊ី កម្ពុជា និងសិង្ហបុរី នឹងទទួលបានកៅអីលេងពាន AFF Women’s Championship 2025 ៕