(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសហគមន៍ខ្មែរឥស្លាមជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាមកម្រិតពិភពលោក មិនថាហិរញ្ញវត្ថុ ឥស្លាម (Islamic finance) ឬសេដ្ឋកិច្ចហាឡាល់ (Halal economy) ជាដើម ហើយសម្តេចផ្ទាល់ក៏បានយកចិត្តទុកដាក់ខ្ពស់នៅក្នុងការជំរុញឧស្សាហកម្ម ផលិតកម្ម និងការនាំចេញផលិតផលហាឡាល់ទៅក្រៅប្រទេសផងដែរ។
ការថ្លែងបែបនេះធ្វើឡើងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។
ជាការកត់សម្គាល់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គេមិនត្រូវភ្លេចទេថាសហគមន៍ឥស្លាមនៅកម្ពុជា គឺជាកោសិកាមួយនៃសហគមន៍ឥស្លាមអន្តរជាតិ ដូច្នេះភាតរភាពនៃសាសនាក៏បានបង្កើតនូវទំនុកទុកចិត្ត ជាពិសេសសម្រាប់ធុរកិច្ចឥស្លាមនៅទូទាំងពិភពលោកោ្យចាប់អារម្មណ៍ និងផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
សម្ដេចបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជាក្នុងការបើកទ្វារនៃកាលានុវត្តភាពឥស្លាមកម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល់។ ខ្លួនខ្ញុំផ្ទាល់ក៏ផ្ដល់ការយកចិត្តទុកដាក់នូវការជំរុញឧស្សាហកម្ម ផលិតកម្ម និងការនាំចេញផលិតផលហាឡាល់ ដើម្បីឱ្យកម្ពុជាអាចចាប់យកកាលានុវត្តន៍ដ៏ទូលំទូលាយនៃទីផ្សារហាឡាល់ ដែលមានការបញ្ជាក់ពីស្ដង់ដា និងការទទួលស្គាល់អនុលោមភាពលើគោលការណ៍ហាឡាល់កម្រិតអន្តរជាតិ»។
ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យបន្តយកចិត្តទុកដាក់ដល់បងប្អូនខ្មែរឥស្លាមចូលរួមជាមួយរាជរដ្ឋាភិបាល និងដើរតួជាទូតសុឆន្ទៈ ជាដៃគូពាណិជ្ជនិងវិនិយោគ និងជាអន្តរការីដែលអាចទុកចិត្តបាននិងមានភាពស្មោះត្រង់សម្រាប់ដៃគូឥស្លាមបរទេស ក្នុងការជំរុញការផ្សារភ្ជាប់និងពង្រឹងវត្តមានកម្ពុជានៅក្នុងសហគមន៍សេដ្ឋកិច្ច ប្រកបដោយវិបុលភាពនៃឥស្លាមអន្តរជាតិ៕