(ភ្នំពេញ)៖ រសៀលថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី, លោក អេង ទូច រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងលោកឧបនាយករដ្ឋមន្រ្ដីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្រ្ដី បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការផ្ដួចផ្ដើមគំនិតនវានុវត្តន៍ក្នុងវិស័យសាធារណៈ» ជូនដល់សិក្ខាកាមជាមន្រ្តីជំនាញជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្រ្ដី ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ដល់ថ្នាក់អគ្គនាយក សំដៅបង្កើនសមត្ថភាព,គុណភាព, ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។

ក្នុងនាមលោកឧបនាយករដ្ឋមន្រ្ដីប្រចាំការ វង្សី វិស្សុត, លោក អេង ទូច បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលដឹកនាំដោយលោក ថោង សុជាតិ និងលោក សោម គន្ធា ដែលបានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់នេះឡើង និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវាគ្មិនកិត្តិយសទាំង៤រូប ដែលបានអញ្ជើញមកធ្វើបទឧទ្ទេសនាមដល់សិក្ខាកាមគឺ៖ បណ្ឌិត ឈាង វណ្ណារិទ្ធ, បណ្ឌិត គួក ហ្វីដេរ៉ូ, បណ្ឌិត អ៊ុន លាង និងបណ្ឌិត ហេង ភក្តី។ លោក អេង ទូច បានកោតសរសើរ និងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលផងដែរ។

លោក អេង ទូច បានចាត់ទុកថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយ នៃការអភិវឌ្ឍសមត្ថភាពបន្ថែមលើចំណេះដឹងដែលមានស្រាប់របស់សិក្ខាកាម ឱ្យទទួលបាននូវពុទ្ធិថ្មី, ការអនុវត្តល្អៗ និងជួយបង្កើនការយល់ដឹងអំពី គោលការណ៍ និងគុណតម្លៃស្នូលនៃភាពជាអ្នកដឹកនាំ។

ទន្ទឹមនេះ សិក្ខាកាមក៏បានយល់ដឹងបន្ថែមអំពីនវានុវត្តន៍ ក្នុងវិស័យសាធារណៈទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្ដរជាតិ និងជួយពង្រឹងសមត្ថភាពភាពភាពជាអ្នកដឹកនាំ, ការច្នៃប្រឌិត, ការគ្រប់គ្រងការផ្លាស់ប្តូរ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងការបំពេញការងារក្នុងស្មារតីជាក្រុម ស្របតាមអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ជារួម វគ្គបណ្តុះបណ្តាលនេះឆ្លើយតបទៅនឹងតម្រូវការការងាររបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ក្នុងនាមជាសេនាធិការរបស់ នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

លោក អេង ទូច បានបន្តថា ការបំពាក់បំប៉ន និងអភិវឌ្ឍន៍សមត្ថភាពបន្ថែម គឺជាសកម្មភាពដែលមិនអាចខ្វះបាន និងត្រូវបន្តធ្វើជាប់ជាប្រចាំ ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យសាធារណៈ ដែលជាអាទិភាពមួយក្នុងចំណោម អាទិភាពទាំង៣ នៃផែនការសកម្មភាព២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

លោក អេង ទូច បានលើកឡើងថា ការអភិវឌ្ឍសមត្ថភាពមន្រ្តីឱ្យមានសមត្ថភាពខ្ពស់ និងពូកែ គឺជាបុរេល័ក្ខខ័ណ្ឌ ដើម្បីអាចឈានទៅសម្រេចបាននូវការកសាងរដ្ឋបាលសាធារណៈមួយដែលខ្លាំង, វៃឆ្លាត និងស្អាតស្អំ។
វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេល ៥ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមជាមន្រ្តីជំនាញជាន់ខ្ពស់ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ដល់ថ្នាក់អគ្គនាយក សរុបចំនួន ៥០នាក់។

ពិធីបើកវគ្គបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ តំណាងលោកឧបនាយករដ្ឋមន្រ្ដីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

គួរបញ្ជាក់ដែរថា កន្លងមក ទីស្តីការគណៈរដ្ឋមន្រ្តីបានបើកវគ្គបណ្តុះបណ្តាលមួយចំនួនជូនដល់មន្រ្តីរាជការរួចហើយ និងបានគ្រោងរៀបចំវគ្គបណ្តុះបណ្តាលដើម្បីកសាងសមត្ថភាពជូនដល់មន្រ្តីជាបន្តបន្ទាប់ទៀត ស្របតាមផែនការយុទ្ធសាស្រ្ត និងផែការអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន៕