(អង់ការ៉ា)៖ សាធារណរដ្ឋតួកគីសម័យទំនើប ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩២៣ ដោយមេដឹកនាំជាតិនិយម លោក Mustafa Kemal Ataturk។ ប្រទេសនេះធ្លាប់ជាចំណុចកណ្តាល នៃអតីតចក្រភពអូតូម៉ង់។ ដោយលាតសន្ធឹងលើទ្វីបអឺរ៉ុបនិងអាស៉ី ទីតាំងដែលមានលក្ខណៈយុទ្ធសាស្រ្តដ៏សំខាន់របស់តួកគី ផ្តល់ឱ្យប្រទេសមួយនេះនូវឥទ្ធិពលធំក្នុងតំបន់ ព្រមទាំងការគ្រប់គ្រងលើច្រកចូលនៃសមុទ្រខ្មៅ។
តួកគីមានទីក្រុងអង់ការ៉ាជារដ្ឋធានីរបស់ខ្លួន រួមជាមួយផ្ទៃដី ៧៨៣ ៣៥៦គីឡូម៉ែត្រក្រឡា និងមានប្រជាជនសរុបជាង ៨៤លាននាក់ ហើយសឹងតែទាំងអស់កាន់សាសនាអ៉ីស្លាម។ ការចូលរួមក្លាយជាសមាជិករបស់ សហភាពអឺរ៉ុប (EU) គឺជាមហិច្ឆតាយូរអង្វែងមកហើយរបស់តួកគី។ កិច្ចពិភាក្សាអំពីសមាជិកភាព បានចាប់ផ្តើមតាំងតែពីឆ្នាំ២០០៥ ប៉ុន្តែបានជាប់គាំងមកទល់បច្ចុប្បន្ន ដោយសារបញ្ហាមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទីក្រុង អាបូដាប៊ី)។
* មេដឹកនាំ
លោក Recep Tayyip Erdogan គឺជាប្រធានាធិបតីនៃប្រទេសតួកគី។ លោកបានឡើងកាន់អំណាចដំបូង កាលពីឆ្នាំ២០០៣ ក្នុងនាមជានាយករដ្ឋមន្រ្តី។ លោក Erdogan បានចំណាយពេល ១១ឆ្នាំ កាន់តំណែងជានាយករដ្ឋមន្រ្តីតួកគី មុនពេលក្លាយជា ប្រធានាធិបតីដំបូងគេ ដែលត្រូវបានប្រជាជន បោះឆ្នោតជ្រើសរើសដោយផ្ទាល់ នៅខែសីហា ឆ្នាំ២០១៤។ កាលពីពេលនោះ អំណាចនិតីប្រតិបត្តិ នៅមិនទាន់ស្ថិតលើប្រធានាធិបតី នៅឡើយទេ។ ក្រោយការបោះឆ្នោតប្រជាមតិ កាលពីខែមេសា ឆ្នាំ២០១៧ ប្រព័ន្ធរដ្ឋាភិបាលតួកគី ត្រូវបានផ្លាស់ប្តូរ ដោយតំណែងនាយករដ្ឋមន្រ្តី ត្រូវបានរំលាយចោល ហើយប្រធានាធិបតី គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាល។
* សេដ្ឋកិច្ច
ប្រទេសតួកគី គឺជាសមាជិកស្ថាបនិក នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ហៅកាត់ OECD និងក្រុមប្រទេស G20។ ទីក្រុងអ៉ីស្តង់ប៊ុល គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចចម្បងរបស់តួកគី និងជាទីក្រុងធំជាងគេបង្អស់ នៅអឺរ៉ុប។ សេដ្ឋកិច្ចតួកគី ជាប់ចំណាត់ថ្នាក់លេខ១៧ នៅលើពិភពលោក និងលេខ៧ នៅទ្វីបអឺរ៉ុប ហើយតួកគី ប្រើរូបិយបណ្ណជាតិ ហៅថា លីរ៉ា (lira)។ តួកគី ត្រូវបានចាត់ថ្នាក់ជាប្រទេសមាន សេដ្ឋកិច្ចទីផ្សារកំពុងងើបឡើង និងមានចំណូលមធ្យមកម្រិតខ្ពស់។
ប្រជាជនតួកគី មានប្រាក់ចំណូលជាមធ្យមខ្ទង់ ១៥ ០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ តួកគី ស្ថិតក្នុងចំណោមបណ្តាប្រទេស ដែលឈានមុខគេលើពិភពលោក ខាងផលិតផលិតផលកសិកម្ម វាយនភណ្ឌ យានយន្ត បរិក្ខារដឹកជញ្ជូន គ្រឿងសំណង់ ឧបករណ៍អេឡិចត្រូនិក និងសម្ភារប្រើប្រាស់ក្នុងផ្ទះ ជាដើម។
* កាលបរិច្ឆេទសំខាន់ៗមួយចំនួន ក្នុងប្រវត្តិសាស្រ្តតួកគីសម័យទំនើប
១៩១៨-១៩២២៖ ការពុះចែកចក្រភពអូតូម៉ង់ ដែលបរាជ័យក្នុងសង្រ្គាមលើកទី១ បាននាំទៅរកជោគជ័យ សម្រាប់ចលនាជាតិតួកគី ក្នុងសង្រ្គាមទាមទារឯករាជ្យ ប្រឆាំងការត្រួតត្រារបស់បរទេស និងការគ្រប់គ្រងរបស់ស្តេចស៊ូលតង់។
១៩២៣៖ តួកគីបានក្លាយជាសាធារណរដ្ឋ ដោយមានវីរៈបុរសសង្រ្គាម លោក Mustafa Kemal ធ្វើជាប្រធានាធិបតីដំបូងគេ។
១៩៣៩-១៩៤៥៖ តួកគីបានប្រកាន់ជំហរអព្យាក្រឹត ស្ទើរតែពេញអំឡុងពេលនៃសង្រ្គាមលោកលើកទី២។ តួកគីបានសម្រេចចិត្តប្រកាសសង្រ្គាម ប្រឆាំងអាល្លឺម៉ង់និងជប៉ុន នៅខែកុម្ភៈ ឆ្នាំ១៩៤៥ ប៉ុន្តែមិនបានចូលរួមប្រយុទ្ធឡើយ ហើយបន្ទាប់មក បានចូលរួមក្នុងអង្គការសហប្រជាជាតិ។
១៩៥០៖ តួកគីរៀបចំការបោះឆ្នោតដោយសេរីជាលើកដំបូង ដែលទទួលជ័យជម្នះដោយ គណបក្ស Democrat Party។ លោក Adnan Menderes បានក្លាយជានាយករដ្ឋមន្រ្តី។
១៩៥២៖ តួកគីបានចូលរួមក្នុងអង្គការ NATO។
១៩៦៣៖ កិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខាជាមួយ សហគមន៍សេដ្ឋកិច្ចអឺរ៉ុប EEC ដែលឥឡូវគឺជាសហភាពអឺរ៉ុប (EU)។
១៩៨០៖ រដ្ឋប្រហារយោធាបានកើតមានឡើង ក្រោយភាពជាប់គាំងនយោបាយ និងភាពចលាចល ហើយច្បាប់អាជ្ញាសឹក ត្រូវបានដាក់ចេញ។
១៩៨៤៖ គណបក្សឃើដ Kurdistan Workers' Party (PPK) បានបើកយុទ្ធនាការសង្រ្គាមឈ្លប ដែលបានវិវត្តទៅជាសង្រ្គាមស៉ីវិល ហើយមិនទាន់រលត់បាត់ទាំងស្រុងទៅវិញ នៅឡើយទេ មកទល់សព្វថ្ងៃ។
១៨៩៧៖ តួកគីបានដាក់ពាក្យស្នើសុំសមាជិកភាពពេញលេញ របស់ EEC។
២០០២៖ គណបក្ស Justice and Development Party ឬ AKP ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត។
២០០៣៖ មេដឹកនាំបក្ស AKP លោក Recep Tayyip Erdogan ជាប់ជាសមាជិកសភា។ ក្នុងពេលត្រឹមប៉ុន្មានថ្ងៃ លោក Abdullah Gul បានលាលែងពីតំណែងនាយករដ្ឋមន្រ្តី ហើយលោក Erdogan ឡើងជំនួស។
២០១១៖ សង្រ្គាមស៉ីវិលនៅប្រទេសស៉ីរីផ្ទុះឡើង ជាហេតុបង្កឱ្យមានភាពតានតឹងនៅបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ហើយបង្កឱ្យមានលំហូរជនភៀសខ្លួនយ៉ាងធំចូលតួកគី។
២០១៤៖ នាយករដ្ឋមន្រ្តីតួកគី លោក Erdogan បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតដោយផ្ទាល់ពីប្រជាជន សម្រាប់តំណែងជាប្រធានាធិបតី។
២០១៦៖ ការប៉ុនប៉ងរដ្ឋប្រហារមួយ បានទទួលបរាជ័យ ហើយអាជ្ញាធរបានចាប់ខ្លួនទាហាន និងមនុស្សពាក់ព័ន្ធរាប់ពាន់នាក់។
២០១៧៖ ការធ្វើប្រជាមតិអនុម័តឱ្យផ្លាស់ប្តូរប្រព័ន្ធរដ្ឋាភិបាល ទៅជាប្រព័ន្ធដឹកនាំដោយប្រធានាធិបតី។
២០២២៖ អង្គការសហប្រជាជាតិ យល់ស្របចំពោះសំណើរបស់ទីក្រុងអង់ការ៉ា ដើម្បីប្តូរការហៅឈ្មោះប្រទេសនេះ ជាភាសាអង់គ្លេស ពី Turkey ទៅជា Türkiye។
២០២៣៖ លោក Erdogan បានបន្តជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត ដែលមានរយៈពេល៥ឆ្នាំ៕