(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ឱ្យត្រៀមឯកសារដើម្បីបំពេញពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
បើតាមខ្លឹមសារសេចក្ដីជូនដំណឹង បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន លោក លោកស្រី ដែលជាអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ឱ្យបាន ជ្រាបថា បន្ទាប់ពីមានកិច្ចប្រជុំដោះស្រាយ និងមានការសម្របសម្រួលរបស់ក្រសួងកន្លងមក ភាគីអ្នកអភិវឌ្ឍបុរី និងភាគីម្ចាស់បំណុលរបស់បុរី បានឯកភាពគ្នាប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនដែល បានបង់ប្រាក់ថ្លៃលក់ទិញដីឡូតិ៍ និង/ ឬផ្ទះគ្រប់ចំនួន (១០០%)។ អាស្រ័យហេតុនេះ សូម លោក លោកស្រី ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ ឬផ្ទះគ្រប់ចំនួន (១០០%) ដែលកន្លងមកពុំទាន់បានមកបំពេញបែបបទនិងនីតិវិធីស្នើសុំផ្ទេរកម្មសិទ្ធិ សូមត្រៀមឯកសារដូចមាន ក្នុងចំណុចទាំង៣ខាងក្រោម និងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាលើកទី៦ នៅបន្ទប់លេខ ១១៧ ជាន់ទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
ទី១៖ កិច្ចសន្យាលក់ទិញដីឡូត៍និង/ ឬផ្ទះ (ច្បាប់ដើម)
ទី២៖ វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម)
ទី៣៖ ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩០ ៧១៩ ៩៨៩/ ០៨៨ ៤១៩ ២៩៥៧/ ០១០ ៤១៦ ៥៤៣៕