(កំពង់ធំ)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀននៅឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន៧រូប បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំង និងស្នើដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនប្រជាជនកម្ពុជា។

បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនទាំង៧រូបនេះ ពេលនេះ ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិនោះឡើយ។

ជាពិសេសពួកគេខឹងសម្បាខ្លាំង នៅពេលជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួកព្យាយាមធ្វើសកម្មភាពរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ។

ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការ​អនុគ្រោះ​ពី​សម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាស​រួម​រស់ជា​មួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។

ពេលនេះ ពួកគេបានមើលឃើញច្បាស់​ដោយ​ឥតសង្ស័យថា គណ​បក្ស​ប្រជាជន​កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង​សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ​ដ៏ខ្លាំង​ពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះ សម្តេចតេជោបានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ពួកគេបានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោល​នយោបាយ​ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិ​ឆ្ពោះ​ទៅរកភាពរុងរឿង។ ជាពិសេសបក្ស​ប្រជា​ជន​កម្ពុជា ជាបង្អែកនិងជាទីទុកចិត្ត​របស់​ប្រជា​ពលរដ្ឋ ក្នុងការធានារក្សាបាន​សុខ​សន្តិ​ភាព និងស្ថិរភាពសង្គម ​ដែលជាលក្ខខណ្ឌ​ដ៏ចាំ​បាច់សម្រាប់ធានានូវការរស់នៅ​ ប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនទាំង៧រូបនេះបានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និង​ឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ​បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕