(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាពវេលាម៉ោង១២៖២៦នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ក៏ដូចជាថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ហើយសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។

មរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាចក្លាហាន ជាឥស្សរជនដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។

សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ សូមឱ្យ ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕