(រតនគិរី)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់ស្ពានបាឡេ១កន្លែង ជាចំណងដៃជូនដល់ប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី។ ក្រោយការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទំនប់អូរតេធិបតី, កងកម្លាំងវិស្វកម្ម ក្រសួងការពារជាតិ បានចុះស្ថាបនាជូនប្រជាពលរដ្ឋភ្លាមៗ។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក គិត ទ្រី សមាជិករដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អមដំណើរដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងប្រធានមន្ទីរ ពាក់ព័ន្ធមួយចំនួន អញ្ជើញសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងវិស្វកម្ម ក្រសួងការពារជាតិ ដែលកំពុងឈរជើងសាងសង់ស្ពានបាឡេ១កន្លែងនេះ។
អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោក គិត ទ្រី នាំយកមកប្រគល់ជូនកងវិស្វកម្មនាពេលនេះរួមមាន៖ អង្ករ៣០០គីឡូក្រាម, មី៦កេស និងទឹកសុទ្ធ១០កេស។
លោក គិត ទ្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋានស្ថាបនាស្ពានដែកបាឡេប្រកបដោយភាពរលូន និងការទទួលខុសត្រូវខ្ពស់របស់កងវិស្វកម្ម ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការ ដែលបានគ្រោងទុក និងដែលជាក្តីស្រមៃរបស់ប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ ដែលទន្ទឹងរង់ចាំជាយូរមកហើយ។
លោកបញ្ជាក់ថា ស្ពាននេះពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ និយាយរួម និងនិយាយដោយឡែក សម្រាប់ប្រជាពលរដ្ឋឃុំជ័យឧត្តម ស្រុកលំផាត់ និងឃុំសិរីមង្គល ស្រុកកូនមុំតែម្តង។
បើតាមការឲ្យដឹងពីលោក នូ ថេ អភិបាលស្រុកលំផាត់ ស្ពានដែកបាឡេដែលកំពុងសាងសង់ដោយកងវិស្វកម្មនេះ ស្ថិតនៅចំណុចអូរទទឹងចន្លោះភូមិ សាមខាស្ថិតក្នុងឃុំ ជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ស្ថិតក្នុងឃុំសិរីមង្គល ស្រុកកូនមុំ មានបណ្តោយ ២៦ម៉ែត្រ ទទឹង៤ម៉ែត្រ។ លោកបានបន្តថា តាំងពីដើមរៀងមក ប្រជាពលរដ្ឋទាំង២ឃុំ គឺឃុំសិរីមង្គល មាន៤ភូមិរួមមាន៖ ភូមិនាងដី ស្រែពកតូច ភូមិស្រែពកធំ និងភូមិថ្មី (ភូមិថ្មី ភូមិឧបសម្ព័ន្ធ) មានប្រជាពលរដ្ឋសរុប ២,៤៥៧នាក់ ស្មើ៧៣០គ្រួសារ។
ឃុំជ័យឧត្តម មាន៦ភូមិរួមមាន៖ ភូមិសាមខា, ភូមិអូរកាន, ភូមិលំផាត់, ភូមិដីឡូ, ភូមិថ្មី និងភូមិស្រែឈូក សរុបគ្រួសារ ១,៣៤៤គ្រួសារ ស្មើចំនួនមនុស្ស៥,៦៣៦នាក់ មិនមានស្ពានឆ្លងកាត់ទៅមកនោះទេពោល គឺពេលទៅមករកគ្នាពួកគាត់ជិះទូកដរចម្លងដោយចំណាយថវិកាជារៀងរាល់ថ្ងៃ។ ដូច្នេះឆ្លើយតបការលំបាករបស់ប្រជាពលរដ្ឋសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសអញ្ជើញសម្ពោធទំនប់អូរតេធិបតីនៅខេត្តមណ្ឌលគរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី សម្រេចឲ្យកងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សាសាងសង់ស្ពានដែកបាឡេ ជូនប្រជាពលរដ្ឋទាំង២ស្រុក ទុកជាចំណងដៃតែម្តង៕