(ភ្នំពេញ)៖ លោក ស្យាហារ៉ូឌីន អ៊ន ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញធ្វើបាឋកថាស្តីពី «ទស្សនាទានឯកអគ្គរាជទូតម៉ាឡេស៊ីអំពីកម្ពុជា» ដើម្បីចែករំលែក និងផ្តល់នូវចំណេះដឹងថ្មីៗ ជូនដល់បុគ្គលិក សាស្ត្រាចារ្យ និង និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ប្រមាណ ៤០០អង្គ/នាក់។
ពិធីនេះធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងមានកាចូលរួមពីលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប គណៈគ្រប់គ្រង បុគ្គលិក នៃសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងនិស្សិតជាច្រើននាក់ នៅសាលសន្និសីទសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
ថ្លែងនាឱកាសនោះអ្នកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់ថា វត្តមានរបស់លោក ស្យាហារ៉ូឌីន អ៊ន នាពេលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយថែមទៀតសម្រាប់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយម៉ាឡេស៊ី ហើយក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានចាត់ទុកជាវិស័យអាទិភាពចម្បងមួយ ក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយព្រឹត្តិការណ៍នេះ នឹងចារឹកទុកក្នុងក្រាំងប្រវត្តិនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផងដែរ។
អ្នកឧកញ៉ាបានបន្តទៀតថា បច្ចុប្បន្ននេះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើការបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ក្នុងមហាវិទ្យាល័យចំនួនប្រាំ ដែលមានជំនាញសិក្សា ចំនួន២៣ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានមុខជំនាញ សរុបចំនួន១៨ ថ្នាក់បណ្ឌិត មានមុខជំនាញ សរុបចំនួន០៩។ មកដល់ពេលបច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត មានចំនួន ២៧ ៥៤៥នាក់ និង កំពុងសិក្សា សរុបចំនួន៧ ១៧១ នាក់ ដែលក្នុងនោះនិស្សិត ម៉ូស្លីមចំនួន៥៨នាក់ ស្រីចំនួន ២៩នាក់។
ចំពោះកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សាកលវិទ្យាល័យ មានដៃគូសហការ ចំនួន៧១ ក្នុងនោះនៅប្រទេសម៉ាឡេស៊ី ចំនួន២ គឺ University of Malaya និង Open University Malaysia) ដែលបាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងកម្មវត្ថុផ្លាស់ប្តូរបទពិសោធ ការសិក្សារវាងនិស្សិត សាស្រ្តាចារ្យ បុគ្គលិក និងការស្រាវជ្រាវ ផ្តល់ឱកាសចុះកម្មសិក្សា ព្រមទាំងផ្តល់ឱកាសការងារជាដើម។
នាឱកាសនោះដែរលោក ស្យាហារ៉ូឌីន អ៊ន បានធ្វើបទបង្ហាញពីប្រវត្តិរបស់ប្រទេសម៉ាឡេស៊ីរហូតមកដល់ពេលនេះ និងប្រវត្តិទំនាក់ទំនងការទូតរវាងកម្ពុជា-ម៉ាឡេស៊ីផងដែរ។ លោកបន្តថា ដើម្បីអភិវឌ្ឍន៍ប្រទេសម៉ាឡេស៊ីឱ្យទទួលបានជោគជ័យ ម៉ាឡេស៊ីត្រូវការប្រទេសជិតខាងចូលរួម ជាពិសេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជិតខាងដើម្បីអភិវឌ្ឍន៍ប្រទេស ក្នុងនោះកម្ពុជា-ម៉ាឡេស៊ី បានសហការគ្នាលើផ្នែកបណ្តុះបណ្តាលអប់រំ អភិវឌ្ឍន៍សមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចេរភាព។
ជាច្រើនទស្សវត្សមកហើយប្រទេសម៉ាឡេស៊ីជឿជាក់លើសមត្ថភាពរបស់កម្ពុជា ដូច្នេះហើយទើបមានការសហការគ្នាដូចជាផ្នែកពាណិជ្ជកម្មជាដើម និងជឿជាក់លើសមត្ថភាពអ្នកវិនិយោគទុននៅកម្ពុជា ជាក់ស្តែងក្នុងនោះម៉ាឡេស៊ីក៏បានសហការជាមួយអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបផងដែរ។ ក្រៅពីការសហការផ្នែកពាណិជ្ជកម្ម ម៉ាឡេស៊ីក៏បានសហការក្នុងការបណ្តុះបណ្តាលធនធានមនុស្សជូនដល់មន្រ្តីរាជការ និស្សិតកម្ពុជានៅប្រទេសម៉ាឡេស៊ី។
ក្នុងនាមជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក ស្យាហារ៉ូឌីន អ៊ន បានចាប់អារម្មណ៍ខ្លាំង ជាមួយអ្វីដែលកម្ពុជាបាននិងកំពុងធ្វើមកដល់ពេលនេះលើចំណងការទូត និងកិច្ចសហប្រតិបត្តិការផ្សេងៗ។ ជាឯកអគ្គរាជទូតអស់រយៈពេល ៣ឆ្នាំ លោកបានជួបជាមួយនឹងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីជាច្រើនក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍ ការសហការ ជាពិសេសដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើឡើង។
កម្ពុជា-ម៉ាឡេស៊ី បានជំរុញនូវការវិនិយោគទុនឱ្យមកកម្ពុជាឱ្យបានច្រើន ហើយជាបទពិសោធន៍ក្នុងនាមជាមនុស្សគួរតែចែករំលែកបទពិសោធ មូលហេតុនេះហើយទើបលោកឯកអគ្គរាជទូត មកធ្វើបាឋកថានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកនេះ។ លោកក៏បានលើកទឹកចិត្ត និងជំរុញឱ្យនិស្សិតខិតខំសិក្សារៀនសូត្រ ធ្វើដំណើរទៅតាមប្រទេសនានាក្នុងគោលបំណងដើម្បីទទួលយកបទពិសោធ និងចែករំលែកបទពិសោធជាដើម៕