(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ដូចជាការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

នៅក្នុងសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន, លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា «ក្រសួងបរិស្ថាននិយាយតិច តែបានធ្វើការងារច្រើន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល បើទោះជានៅមានការខ្វះខាតធនធានថវិកាក្តី»។

លោករដ្ឋមន្រ្ដី អ៊ាង សុផល្លែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ដូចជាការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ពិធីសារក្យូតូ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ»

លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើភាពស្អាត បៃតង និងចីរភាព ជាមាគ៌ាដឹកនាំកម្ពុជាឆ្ពោះទៅរកចីរភាពបរិស្ថាន និងសម្រេចបាននូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ យុទ្ធសាស្ដ្រ
នេះសំដៅលើកកម្ពស់បរិស្ថានកម្ពុជាក្នុងកម្រិតសកល និងធានានូវកេរ្តិ៍ដំណែលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្ដី អ៊ាង សុផល្លែត បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់ CCCA ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតយន្តការឆ្លើយតបនឹងការប្រែ ប្រួលអាកាសធាតុ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងឆ្ពោះទៅរកការអនុវត្តប្រកបដោយប្រសិទ្ធភាព។

លោកបានថ្លែងដែរថា ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជានាពេលនេះ គឺដោយមានកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន និងកម្មវិធី CCCA3 ក្នុងភាពជា ដៃគូជាមួយសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលស៊ុយអ៊ែត (Sweden) និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំនិងអនុវត្តកម្មវីធី CCCA3 ប្រកបដោយភាពជោគជ័យគួរជាទីមោទនៈក្នុងការចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុទាំងនៅកម្រិតជាតិ និងអន្តរជាតិ។ ស្របតាមគោលនយោបាយ កិច្ចផ្តួចផ្តើម និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ នេះហើយដែលជាមូលដ្ឋានគ្រឹះសម្រាប់ គំរូនៃការអភិវឌ្ឍន៍ឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹង បទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជា។

បើតាមលោក អីហ្គរ ទ្រីសមែន (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបបានថ្លែងដែរថា ការបង្ហាញភាពជោគជ័យនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនាពេលនេះ គឺជាសក្ខីកម្មនៃគំនិតផ្តួចផ្តើមអស់រយៈពេល ១៥ឆ្នាំក្នុងភាពជាដៃគូដ៏រឹងមាំរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា ក្នុងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពជាតិ និងអន្តរជាតិ ក្នុងការប្តេជ្ញាចិត្តបង្ការមិនឱ្យមានការកើនកំដៅផែនដីលើសពី២.០អង្សារសេ ឱ្យមកនីត្រឹមតែ១.៥អង្សារសេ។

ចំណែកកញ្ញា Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ក៏បានលើកឡើងដែរថា ការប្តេជ្ញាចិត្តឥតងាករេរបស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ាង សុផល្លែត ក្នុងសកម្មភាពអាកាសធាតុ និងប្រែក្លាយរបៀបវារៈអាកាសធាតុពីការទទួលខុសត្រូវទៅជាកត្តាជំរុញសេដ្ឋកិច្ចដើម្បីឈានទៅដល់ការអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈបេសកកម្មដ៏ធំចម្បងនេះ នឹងនាំកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន ដោយមានសសរត្តម្ភ ៣ដែលជាការងារអាទិភាពរបស់ក្រសួង គឺភាពស្អាត ភាពបៃតង និងចីរភាព៕