(សៀមរាប)៖ នៅព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានដំណេីរការវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅបរិវេណវត្តប្រាសាទបូទុមមោង ឃុំមោង ស្រុកស្រីស្នំ ក្រោមអធិបតីភាពលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមាន សមាជិកសមាជិកាចូលរួមសរុប ៣១១នាក់ ស្រី៨៧នាក់។
លោក លី សំរិទ្ធ អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយចីរភាព និងប្រសិទ្ធភាព។
ក្នុងអង្គវេទិកានេះដែល សមាជិកសមាជិកា បានលើកជាសំណួរ និង សំណូមពរផ្ទាល់មាត់ចំនួន៧ លើកបញ្ហា អគ្គិសនី ផ្លូវថ្នល់ សុំបញ្ចូលជាភូមិក្របខណ្ឌ ការចាក់ដី និងបេតុងទីធ្លាសាលា ព្រមទាំងពីការជ្រើសរើសមេភូមិ សមាជិកភូមិមិនសុក្រឹត្យ។ ឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង លោកអភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ បានធ្វើការដោះស្រាយបំភ្លឺ នូវសំណួរនិងសំណូមពរដែលប្រជាពលរដ្ឋលើកជាក់ស្ដែង។
លោក សុខ ថុល អភិបាលរងខេត្ត បានការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកស្រីស្នំ ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះ សបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និង សំណូមពររបស់ពួកគាត់។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសត្រូវមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ ដោយត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ៕