(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា របាយការណ៍វាយតម្លៃពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងពីតថភាពពិត មិនមានភាពសុក្រឹត្យ និងយុត្តិធម៌នោះទេ។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច បានអញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ» នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
ដោយសង្កេតឃើញសកម្មភាពនៃការជួញដូរមនុស្សនេះ មានកំណើនច្រើនក្នុងកាលៈទេសៈដែលបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងនោះ, សម្ដេចបវរធិបតី បានថ្លែងថា ការណ៏នេះជាកាតព្វកិច្ចមនុស្សធម៌ សម្រាប់មនុស្សជាតិ ដែលត្រូវចូលរួមពង្រឹងយន្តការអនុវត្តច្បាប់, ការរៀបចំច្បាប់ និងការរៀបចំពង្រឹងបច្ចេកវិទ្យា ព្រោះយើងមិនអាចផ្ដាច់ខ្លួនចេញពីបច្ចេកវិទ្យា ប្រសិនជាផ្ដាច់ត្រូវតែផ្ដាច់ទាំងអស់គ្នា ប៉ុន្តែប្រសិនជាបើកត្រូវតែមានបញ្ហាប្រឈម ដូច្នេះត្រូវប្រែក្លាយវាទៅជាកាលានុវត្តភាព ដើម្បីពង្រឹងទាំងការអភិវឌ្ឍន៍ ទាំងសេដ្ឋកិច្ច។
សម្ដេចបវរធិបតី បានថ្លែងបន្តថា នេះជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ព្រោះរឿងនេះមិនប៉ះពាល់តែត្រឹមការជួញដូរមនុស្សនៅកម្ពុជានោះទេ តែប៉ះពាល់កិត្តិនាមរបស់ប្រទេសកម្ពុជាទាំងមូល គ្រប់វិស័យទាំងអស់។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា «កន្លងទៅសម័យថ្មីនេះ ក៏យើងមានបញ្ហាប្រឈម ព្រោះព័ត៌មានពិតក៏មាន ព័ត៌មានក្លែងក្លាយក៏មាន ដែលធ្វើឱ្យយើងខូចឈ្មោះច្រើន។ កិច្ចការកន្លងទៅកន្លែងខ្លះ ការវាយតម្លៃមកលើកម្ពុជាលើការជួញដូរមនុស្សនេះ ក៏មិនសុក្រឹត្យ និងយុត្តិធម៌ប៉ុន្មានដែរចំពោះការខិតខំប្រឹងប្រែងរបស់យើង ការចាត់ថ្នាក់របស់បណ្ដាប្រទេសមួយចំនួនមកលើកម្ពុជា»។
ជាមួយគ្នានេះ សម្ដេចបានបន្តថា កម្ពុជាមិនបដិសេធថាយើងគ្មានបញ្ហាទេ ហើយកម្ពុជាក៏មិនដែលបដិសេធ ឬមិនទទួលស្គាល់ថាកម្ពុជាគ្មានបញ្ហាជួញដូរមនុស្ស ឬអសន្តិសុខផ្សេងៗនោះដែរ។ ហេតុដូច្នេះហើយទើបយើងពង្រឹងយន្តការអនុវត្ត ពង្រឹងការអនុវត្តច្បាប់ ហើយសហការជាមួយបរទេស ព្រោះយើងមានសុឆន្ទៈច្បាស់លាស់។
ជាថ្មីម្ដងទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ផ្ដើមចេញពីការទទួលស្គាល់ថាយើងមាន ហើយយើងត្រូវតែប្រឈមមុខដោះស្រាយ ដោយយើងមិនអាចបិទវាទុក ហើយលាក់វានោះទេ មិនចែករំលែកថាយើងមិនមានទេ ប៉ុន្តែខាងក្រោយយើងត្រូវទទួលស្គាល់ ហើយចូលរួមដោះស្រាយវាឱ្យកាន់តែម៉ឺងម៉ាត់»៕